(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ អំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

លោក នួន គឹមអាង សមាជិកក្រុមជំនួយការនៃក្រុមការងារ របស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត បានឡើងអានសេចក្តីសម្រេច របស់ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្តីពីការកែសម្រួល និងចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ និងបានបញ្ជាក់ជូនអំពីតួនាទីភាគកិច្ច របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ។

លោកឧត្តមសេនីយ៍ទោ​ សោម ស៊ុន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្នាក់ឃុំ ភូមិ និងសមាជិកសមាជិការាជរដ្ឋាភិបាលកម្ពុជា ក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ដែលបានខិតខំរួមគ្នាចូលរួមយ៉ាងសកម្មក្នុងការគាំទ្ររាជរដ្ឋាភិបាលជារៀងរហូតមក។

លោកបានណែនាំដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ត្រូវរួមសហការគ្នាឲ្យបានល្អ ជាមួយថ្នាក់ដឹកនាំថ្នាក់ឃុំ ដើម្បីបម្រើប្រជាជន និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ហើយត្រូវទទួលខុសត្រូវខ្ពស់ក្នុងការបម្រើប្រជាជន។

លោកឧត្តមសេនីយ៍ទោបាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនប្រជាពលរដ្ឋ​ ដែលមានជីវភាពលំបាកខ្វះខាតចំនួន២៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន១យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ៕