(បាត់ដំបង)៖ រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ព.ស ២៥៦៨ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មានភ្ញៀវទេសចរ និងប្អូនប្រជាពលរដ្ឋចំនួន ១,៧៣៤,៦២៩នាក់ បានចូលរួមលេងកម្សាន្ត «សង្រ្កាន្តបាត់ដំបង» និងតាមរមណីយដ្ឋាននានា។ នេះបើតាមលោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

ចំនួនភ្ញៀវទេសចរសរុប ១,៧៣៤,៦២៩នាក់ កើនឡើង១៥.៦៣% បើប្រៀបធៀបនឹងឆ្នាំ២០២៣ មាន១,៥០០,១៦៨នាក់ ក្នុងនោះចំនួនភ្ញៀវទេសចរជាតិ១,៧៣១,៤៣២នាក់ កើនឡើង១៥.៦៣% បើប្រៀបធៀបនឹង ឆ្នាំ២០២៣ មាន ១,៤៩៧,៤២១នាក់ និងចំនួនភ្ញៀវទេសចរអន្តរជាតិ ៣,១៩៧នាក់ កើនឡើង១៦.៣៨% បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានតែ២,៧៤៧នាក់។

ជាលទ្ធផល រដ្ឋបាលខេត្តបាត់ដំបង បានសហការជាមយយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុកទូទាំងខេត្ត រៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៤ មានភាពទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត សប្បាយច្រើន។

សម្រាប់សង្ក្រាន្តបាត់ដំបង បានរៀបចំព្រឹត្តិការណ៍ទាក់ទាញសំខាន់ៗដូចជា៖ តំបន់ត្រជាក់ចិត្ត តំបន់រណបត្រជាក់ចិត្ត (តំបន់ពាង) តំបន់សាសនា (ពិធីពូនភ្នំខ្សាច់ ពិធីថ្វាយទេវតាឆ្នាំថ្មី ពិធីស្រង់ព្រះគន្ធវារី)ការសម្តែងសិល្បៈ(របាំ) ការសម្តែងសៀក ការស្តែងល្ខោនខោល ការប្រគុំតន្ត្រីខ្នាតយក្សចំនួន២ តន្រ្តីស្រុកស្រែ ពិព័រណ៌ម្ហូបអាហារនិងផលិតិផលក្នុងស្រុក ពិព័រណ៌ផលិតផលទូទៅ ការបាញ់កាំជ្រួចទាំង ៤ថ្ងៃ ការលេងល្បែងប្រជាប្រិយ។ល។

លោក សុខ លូ អភិបាលខេត្ត បានបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ កាលម្សិលមិញ បានបូកលម្អិតបណ្តោះអាសន្នចំនួន៣ថ្ងៃគឺត្រូវនឹងថ្ងៃទី១៣,១៤,១៥ និងបន្ទាន់បានបូកសរុបថ្ងៃទី១៦ ជាថ្ងៃចុងក្រោយទេ។ យោងរបាយការណ៍មន្ទីរជំនាញបានបូកសរុបទាំង៤ថ្ងៃ ជាលទ្ធផលឃើញថាមានការកើនឡើងជាងឆ្នាំមុន គួរឲ្យកត់សម្គាល់។

លោកអភិបាលខេត្តបានបន្តថា សម្រាប់ភ្ញៀវទេសចរមកលេងស្រុកកំណើត និងភ្ញៀវបានឆ្លងកាត់មកលេងក្នុងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ បានចូលរួមកម្សាន្ត «សង្រ្កាន្តបាត់ដំបង» មានភ្ញៀវជាច្រើននាក់ចូលរួមយ៉ាងសប្បាយរីករាយដោយរលូន ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ គឺមិនមានបញ្ហាអ្វីកើតឡើងដែលគួរឱ្យគាត់សម្គាល់នោះទេ គឺដោយសារតែ «ក្រោមម្លប់សន្តិភាព»៕