(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំស្តីពីយុទ្ធសាស្ត្រផ្គត់ផ្គង់ទឹក និងអនាម័យនៅជនបទដើម្បីឈានទៅសម្រេចបាននូវការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ១០០% នៅឆ្នាំ២០៣០ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃអត្រាគ្របដណ្ដប់វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទនាពេលបច្ចុប្បន្ន។

ក្រៅពីនេះក៏ដើម្បីពិនិត្យលើស្ថានភាពនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការ និងដៃគូអភិវឌ្ឍន៍នានា និងដើម្បីពិនិត្យ ពិភាក្សាលើកផែនការយុទ្ធសាស្ដ្របន្ដដើម្បីសម្រេចការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទឱ្យបាន១០០% នៅឆ្នាំ២០៣០ ជាពិសេសដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

យោងតាមរបាយការណ៍របស់នាយកដ្ឋានជំនាញបានបង្ហាញថា គិតត្រឹមឆ្នាំ២០២៣ អត្រាគ្របដណ្តប់ទឹកស្អាតជនបទជាមូលដ្ឋានសម្រេចបាន៨៣.៣% និងអត្រាគ្របដណ្តប់អនាម័យជនបទជាមូលដ្ឋានសម្រេចបាន ៨៦.៦% ដែលក្នុងនោះមានរាជធានី-ខេត្តចំនួន៦បានសម្រេចបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) រួមមាន ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប។ ដោយឡែករាជធានី-ខេត្តចំនួន៧ទៀតនឹងត្រៀមធ្វើការប្រកាសទទួលស្គាល់ជាខេត្តបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ផ្លូវការ គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តកំពង់ធំ។

លោករដ្ឋមន្ត្រីបានណែនាំឱ្យនាយកដ្ឋានជំនាញទាំងពីរ ដូចខាងក្រោម៖

* ត្រូវសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ចុះធ្វើបច្ចុប្បន្នភាពទិន្នន័យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ រួមមាន៖ អណ្ដូងស្នប់អាហ្វ្រីដែវ, ស្រះសហគមន៍, ស្ថានីយផលិតទឹកផឹកសហគមន៍, ពាងយក្ស, អាងត្រងទឹកភ្លៀងលក្ខណៈគ្រួសារ, អាងត្រងទឹកភ្លៀងសហគមន៍, ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ ស្ថានីយផលិតទឹកពីបរិយាកាស និងបង្គន់អនាម័យ ឱ្យបានច្បាស់លាស់។

* នាយកដ្ឋានជំនាញទាំងពីរ ត្រូវធ្វើការព្យាករណ៍ និងលើកផែនការសម្រាប់ឆ្នាំ២០២៨ និងឆ្នាំ២០៣០ ស្របតាមផែនការយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល។

* រៀបចំអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងពាក់ព័ន្ធ។

* ត្រៀមរៀបចំពិធីប្រកាសខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ចំពោះខេត្តទាំង៦ ដែលសម្រេច ODF រួចរាល់ និងធ្វើពិធីប្រកាសខេត្ត ODF ចំនួន៧ ផ្សេងទៀតនៅចុងឆ្នាំ២០២៤នេះ គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តរតនគិរី ខេត្តសៀមរាប និងខេត្តកំពង់ធំ។

* ត្រូវពង្រឹងការគ្រប់គ្រងនៅថ្នាក់ក្រោមជាតិលើការងារកែលម្អលក្ខខណ្ឌនៃការរស់នៅតាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជនបទ៕