(រតនគិរី)៖ ស្របពេលដែលផ្លែសំរ៉ង កំពុងមានហាងឆេងខ្ពស់ នៅលើទីផ្សារប្រទេសវៀតណាមនោះ ប្រជាសហគមន៍នៅស្រុកតាវែង និងស្រុកវ៉ើនសៃ ខេត្តរតនគិរី សប្បាយចិត្តប្រមូលផល ខណៈតម្លៃធ្លាក់ចុះបន្តិច ដោយសារតែផ្លែសំរ៉ង នៅវៀតណាមដល់រដូវប្រមូលផល និងសមត្ថកិច្ចខិលខូចមួយចំនួនអង្គុយចាំដកតុងក្បាលឡានពីក្រុងបានលុង រហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

ជាក់ស្តែងនៅតាមឃ្លាំងធំៗមួយចំនួននៅក្រុងបានលុង មានឈ្មួញកណ្តាលដឹកចេញពីព្រៃសហគមន៍ស្រុកវ៉ើនសៃ ស្រុកតាវែង, ស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ) និងផ្លែសំរ៉ងមួយចំនួនទៀតដឹកមកពីខេត្តពោធិ៍សាត់ និងខេត្តកោះកុងជាដើម។

បើតាមក្រុមឈ្មួញវៀតណាមឈរជើងទិញផ្លែសំរ៉ងតាមឃ្លាំងធំៗ នៅក្រុងបានលុង បានឱ្យដឹង នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះថា «ពួកគាត់ទទួលទិញផ្លែសំរ៉ងលេខ១ តម្លៃ ៤០,០០០រៀល, លេខ២តម្លៃ២៥,០០០រៀល។ ពួកគាត់បន្តថាតម្លៃផ្លែសំរ៉ង អាចចុះថោកជាងនេះទៅទៀតព្រោះខាងប្រទេសវៀតណាម ក៏មានដើមសំរ៉ង ដែលប្រមូលផលបានច្រើនដែរ ដូច្នេះក្រុមឈ្មួញវៀតណាម ក៏ទម្លាក់តម្លៃតាមហ្នឹងដែរ ហើយដឹកឆ្លងកាត់ទៅវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ»។

ក្រុមឈ្មួញវៀតណាមខាងលើ បានបន្តថា៖ «ពួកគាត់ក៏មិនសូវចំណេញដែរជួនកាលខាតដើមព្រោះផ្លែសំរ៉ងស្រកគីឡូលឿន និងមានសមត្ថកិច្ចជាច្រើនស្ថាប័នអង្គុយចាំដកតុងក្បាលឡានពីក្រុងបានលុង រហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ»

មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរីម្នាក់ បានលួចបង្ហើបថា ការដឹកជញ្ជូនអនុផលព្រៃឈើ គឺត្រូវតែមានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ, ជាងនេះទៅទៀតក្រុមឈ្មួញវៀតណាមដឹកទៅលក់ក្រៅប្រទេសត្រូវតែបង់ពន្ធជូនរដ្ឋ ប៉ុន្តែជាក់ស្តែងផ្លែសំរ៉ងជាច្រើនរយតោនដឹកតាមច្រកទ្ធារអន្តរជាតិអូរយ៉ាដាវ ទៅវៀតណាម ដោយគ្មានច្បាប់ទម្លាប់បន្តិចសោះដោយសារមានការគប់គិតគ្នាពីសមត្ថកិច្ចខិលខូចមួយចំនួន និងមានអ្នកធំមួយចំនួននៅខេត្តរតនគិរីជួយអន្តរាគមន៍នាំឱ្យមានការខាតបង់ពន្ធជូនរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។

សូមជម្រាបថា រដូវផ្លែសំរ៉ងមានរយៈពេល (៥-៧ឆ្នាំ) ម្តងមានផ្លែច្រើន, ហើយឆ្នាំ២០២៤នេះ ក្នុងតំបន់ដែលមានដើមសំរ៉ងមានផ្លែច្រើនជាអំណោយផលដល់ប្រជាកសិករជួបផ្សំគ្មានភ្លៀងកក់ខែទៀត ក្រុមពួកគាត់ដែលចូលទៅរើសផ្លែសំរ៉ងលក់បានលុយច្រើនសម្រាប់ដោះស្រាយជីវភាព។

បើតាមប្រភពព័ត៌មានដោយឡែកទៀតបានបង្ហើបប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះថា «សមត្ថកិច្ចចំនួន៣អង្គភាព គឺមន្ត្រីបរិស្ថាន, កម្លាំងយោធាកងអនុសេនាធំលេខ៣ ចំណុះឱ្យវរសេនាតូចលេខ២ និងកម្លាំងនគរបាលប៉ុស្តិ៍កន្ទុយនាគ ចំណុះឱ្យវរសេនាតូចលេខ២០៣ កំពុងសប្បាយចិត្តកើបលុយពីបងប្អូនអ្នកចូលរើសផ្លែសំរ៉ង គឺមន្ត្រីបរិស្ថានយកម៉ូតូ១គ្រឿង តម្លៃ៨ម៉ឺនរៀល, កម្លាំងយោធា និងនគរបាលម៉ូតូ១គ្រឿង ៥ម៉ឺនរៀល (ពលរដ្ឋខ្មែរ) តែបើជនជាតិវៀតណាម ចូលមកតំបន់កន្ទុយនាគរើសផ្លែសំរ៉ង គឺយកថ្លៃជាងប្រជាពលរដ្ឋខ្មែរ»