(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ។ ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារនានាហើយនោះ ក៏មានការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ផងដែរ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅឆ្នាំនេះរៀបចំបានល្អ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាអសន្តិសុខ និងការបង្កហិង្សានានាថយចុះប្រមាណ ៣០ភាគរយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់អាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ កងកម្លាំង ព្រះសង្ឃ ប្រជាពលរដ្ឋគ្រប់រូប ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីបានល្អប្រសើរ។

* សម្តេចធិបតី បានថ្លែងផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះថ្នាក់ដឹកនាំ យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន និស្សិត និងសិក្ខាកាម ភ្ញៀវកិត្តិយសទាំងអស់ ដែលមានវត្តមាននៅទីនេះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការការពារជាតិ ជាកិច្ចការត្រូវធ្វើជាប់ជាប្រចាំ ហើយកងកម្លាំងជាកម្លាំងស្នូលលើកិច្ចការការពារជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីពង្រឹងសមត្ថភាពនាយទាហានលើកិច្ចការការពារជាតិ ត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើការបណ្តុះបណ្តាល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពបែកបាក់ និងសង្គ្រាមពីអតីតកាល ជាហេតុនាំឱ្យកម្ពុជាមានទាហានច្រើន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគិតគូរពីការជ្រើសរើសនាយទាហាន និងពលទាហាន ឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបនឹងស្ថានភាពសង្គម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់នូវការកសាងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន តាមការស្នើសុំរបស់ នាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ជា តារា រដ្ឋលេខាធិការក្រសួងការពារជាតិ អតីតជាសាកលវិទ្យាធិការ កសាងអគារខ្នាតធំនៅទីនេះចំនួន៣ខ្នង អគារសាលសហសិក្សាចំណុះ ៣៥០០នាក់ អគារ-ស្នាក់នៅនិស្សិតខ្នាតអន្តរជាតិ២ខ្នង ៥ជាន់មាន១០០បន្ទប់ អគារអាហារដ្ឋាន ដែលយើងទើបនឹង កាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ បន្ថែមពីលើអគារបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ ដែលសម្តេចផ្ទាល់បានសម្ពោធដាក់ឲ្យប្រើប្រាស់កាលបើកវគ្គ សិក្សាឆ្នាំ២០២៣។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងនៅតែរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ហើយធានាបាននូវដំណើរការជំរុញកំណើនសេដ្ឋកិច្ច។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនអាចបំភ្លេចបាននូវគុណតម្លៃដ៏ធំធេងរបស់ សម្ដេចពិជ័យសេនា ដែលបានដឹកនាំកងយោធពលខេមរភូមិន្ទ ជាកម្លាំងស្នូលក្នុងការអនុវត្តដោយជោគជ័យ នូវភារកិច្ចប្រឆាំង ទប់ស្កាត់ ព្យាបាលជំងឺកូវីដ១៩ បានដឹកនាំធ្វើជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម យុទ្ធនាការ ដឹកជញ្ជូនពលករចំណាកស្រុក។ល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅចំពោះមុខសភាពការណ៍ បញ្ហាប្រឈមនិងកាលានុវត្តភាព នៃបរិបទទូទៅលើសាកលលោក ក្នុងតំបន់ ក៏ដូចជានៅក្នុងប្រទេស ទន្ទឹមនឹងការអនុវត្តភារកិច្ចដ៏ពិសិដ្ឋរបស់ខ្លួន កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងមានឧត្តមគតិស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ការពារសន្តិភាព រាល់សមិទ្ធផលសង្គមជាតិ សមិទ្ធផលនយោបាយឈ្នះ! ឈ្នះ!។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវបន្តធ្វើការកែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យក្នុងកងយោធពលខេមរភូមិន្ទចាប់ពីស្ថាប័នថ្នាក់ ដឹកនាំបញ្ហា រហូតដល់កងឯកភាពឲ្យបានសម្រេចប្រកបដោយតម្លាភាព និងគណនេយ្យភាព ក្នុងស្មារតីសាមគ្គីភាព និងទទួលខុសត្រូវបំផុត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវពង្រឹងខឿនការពារជាតិ កងយោធពលខេមរភូមិន្ទត្រូវតែជាកម្លាំងដែលមានថាមពលខ្លាំង. សមត្ថភាពពេញលេញមានឆន្ទៈមោះមុត មនសិការនិងវិន័យល្អ ការពារបានរឹងមាំ នូវឯករាជ្យជាតិអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខសណ្តាប់ធ្នាប់សង្គមនៅគ្រប់កាលៈទេសៈសំដៅធ្វើឲ្យបរាជ័យ រាល់ឧបាយកលនិងសកម្មភាពរបស់កម្លាំងអមិត្ត ទាំងក្នុង និងក្រៅប្រទេស។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជា បង្កអសន្តិសុខដល់សង្គមជាតិយើង ទោះក្នុងតម្លៃណា ក៏ដោយត្រូវថែរក្សាសន្តិភាពឲ្យបាន ហើយសកម្មរួមចំណែកទប់ស្កាត់បង្ក្រាបរាល់បទល្មើសបានទាន់ពេលវេលា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកែទម្រង់រចនាសម្ព័ន្ធចាត់តាំងស្ថាប័នកងឯកភាពត្រូវអនុវត្តតាមគោលការណ៍" វិសមិតមុខងារតួនាទីភារកិច្ច” របស់ស្ថាប័នកងឯកភាពដើម្បីលុបបំបាត់ភាព”ត្រួតគ្នា“ឲ្យបានសម្រេចតាមដំណាក់កាលនីមួយៗ យ៉ាងម៉ឺងម៉ាត់ម៉តចត់។ រីឯចំនួនទ័ពនៃស្ថាប័នបញ្ហាការដ្ឋាន កងឯកភាព នានា ត្រូវស្ថិតក្នុងកម្រិតសមស្រប។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយគ្នានេះសមាមាត្រនៃបរិមាណរវាង នាយទាហាន និង ពលទាហាន ត្រូវឲ្យមានភាពសមស្រប ហើយជាពិសេសខិតខំលុបបំបាត់ឲ្យបានជាជំហានៗនូវ ស្ថានភាពចំនួន «ទ័ពលើសតែខ្វះ» និង «ខ្វះតែលើស»។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជ្រើសរើសតែងតាំងដំឡើងឋានន្តរស័ក្តិ ត្រូវអនុវត្តត្រឹមត្រូវតាមគោលការណ៍ “គុណាធិបតេយ្យ ដោយផ្អែកតាមមុខដំណែង និងច្បាប់លក្ខន្តិកៈទូទៅ សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបំពេញភារកិច្ចយោធិនគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទត្រូវអនុវត្ត និង ប្រកាន់ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ មេបញ្ជាការគ្រប់ថ្នាក់ ត្រូវមានវិធានការចាត់តាំងផ្សព្វផ្សាយ គ្រប់គ្រង ស្តាប់ឲ្យជាប់នូវសតិអារម្មណ៍យោធិន ដើម្បីធ្វើការកែតម្រូវទាន់ពេលវេលា។

* សម្តេចធិបតី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសាលសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងសមិទ្ធផលនានា នៅសាកលវិទ្យាល័យការពារជាតិ និង សូមប្រកាសបិទវគ្គសិក្សាឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ ចាប់ពីពេលនេះតទៅ។

* កម្មវិធីបានបិទបញ្ចប់នៅវេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕