(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំដល់កងយោធពលខេមរភូមិន្ទគិតគូរពីការជ្រើសរើសនាយទាហាន និងពលទាហានឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបនឹងស្ថានភាពសង្គម ពិសេសត្រូវគិតគូរលើបញ្ហាសមាសមាត្ររវាងនាយទាហាន នាយទាហានរង និងពលទាហាន ដើម្បីរក្សាតុល្យភាពក្នុងជួរកងទ័ពសម្រាប់រយៈពេល១៥ឆ្នាំ ឬ២០ឆ្នាំ។

ការណែនាំនេះធ្វើឡើងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាន អមដោយពិធីការបិទវគ្គបណ្តុះបណ្តាលនិងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។

នាឱកាសនោះ សម្ដេចធិបតីបានលើកឡើងពាក់ព័ន្ធនឹងការងារជ្រើសរើសកងទ័ព និងការបណ្ដុះបណ្ដាល-ហ្វឹកហ្វឺន ទាំងនៅសាលានាយទាហានទាំង៣ និងការបញ្ជូនទៅសិក្សាបណ្ដុះបណ្ដាលនៅក្រៅប្រទេស។ ត្រង់ចំណុចនេះ សម្ដេចចង់ឱ្យគណៈកម្មការជំនាញពាក់ព័ន្ធគិតគូរពីសមាសមាត្រក្នុងការជ្រើសរើសទាហាន ថាតើត្រូវទាហានសរុបប៉ុន្មាននាក់ ក្នុងនោះពលទាហានប៉ុន្មានភាគរយ នាយទាហានរងប៉ុន្មានភាគរយ នាយទាហានប៉ុន្មានភាគរយ? ត្រូវគិតគូរសម្រាប់រយៈពេល១៥ឆ្នាំ ឬ២០ឆ្នាំ ដើម្បីរក្សាតុល្យភាព។

សម្ដេចបានបន្តថា នាយទាហាននៅកម្ពុជាសុទ្ធតែបានចូលរួមក្នុងកាលៈទេសៈដែលប្រទេសមានសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម តែយ៉ាងណាមិនបានធ្វើឱ្យកម្ពុជាបាត់បង់សមត្ថភាពការពារជាតិនោះទេ ប៉ុន្តែថ្ងៃមុខការដឹកនាំ បញ្ជា ត្រូវធ្វើឱ្យមានតុល្លយភាព ដើម្បីងាយស្រួលក្នុងការរៀបចំ ដឹកនាំ បញ្ជាការងារកងទ័ព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ត្រូវបង្កើនយុទ្ធជនឱ្យបានច្រើន បង្កើនសមាសមាត្រនាយទាហាន នាយទាហានរង និងពលទាហាន ពិសេសអង្គភាពទ័ពប្រយុទ្ធត្រូវធ្វើយ៉ាងណាត្រូវបំពេញពលទាហានឱ្យច្រើនជាងនាយទាហាន និងគិតគូរលើការដំឡើងឋានន្តរស័ក្តិ» សម្ដេចបានណែនាំឱ្យគណៈកម្មការច្បាប់កាតព្វកិច្ចគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយលើបទដ្ឋានគតិយុត្តពីការរើសយោធិនកាតព្វកិច្ច ដើម្បីឱ្យយុវជនបានហ្វឹកហាត់ជំនាញយោធា និងផ្សាំសមត្ថភាព។ ទៅថ្ងៃអនាគត ប្រហែលជា១ភាគធំនៃការជ្រើសរើសពលទាហាន ត្រូវចូលតាមច្រកយោធិនកាតព្វកិច្ចឱ្យបានច្រើន និងតាមរយៈការប្រឡងចូលធ្វើទាហាន (លើកលែងតែជំនាញមួយចំនួន ឬក្របខណ្ឌពិសេស)។ ការធ្វើបែបនេះគឺដើម្បីឱ្យយោធិនកាតព្វកិច្ចគិតគូរពីអាជីពរបស់ខ្លួន ថាតើគួរនៅធ្វើជាទាហានបន្ត ឬចាកចេញទៅរកអាជីពផ្សេងៗ។

សម្ដេចធិបតីបានផ្ដល់អនុសាសន៍ថា «ការជ្រើសរើសពលទាហាន នាយទាហានរង និងនាយទាហាន នាថ្ងៃខាងមុខ គួរតែត្រូវធ្វើតាមរូបមន្តយោធិនកាតព្វកិច្ចឱ្យបានច្រើន ពីព្រោះយោធិនកាតព្វកិច្ច ពួកគាត់នឹងមានរយៈពេលសមរម្យសម្រាប់គិតគូរពីអាជីពការងាររបស់ខ្លួន ហើយមានភាពច្បាស់លាស់ក្នុងការចាប់យកអាជីពជាយោធា និងក៏កាត់បន្ថយអត្រាចាកចេញពីជួរកងទ័ពផងដែរ»