(រតនគិរី)៖ ក្រុមគ្រួសារជនរងគ្រោះ ដែលស្លាប់យ៉ាងអណោចអធ័មក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត១គ្រឿង បើកក្នុងល្បឿនលឿនស្របទិសគ្នាបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ និងបានស្លាប់ពេលក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បន្តទទូចដល់ថ្នាក់ដឹកនាំជួយរកយុត្តិធម៌ ខណៈបន្សល់កូនតូចៗចំនួន២នាក់ឲ្យនៅកំព្រា។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក នៅ សុខខេង និងលោកស្រី ហេង សេងហ៊ន់ បានរៀបរាប់ថា ពួកគាត់បានបាត់បង់កូនប្រុសជាទីស្រលាញ់ ដោយសារតែ រថយន្តបុកពីក្រោយពេញទំហឹងបណ្តាលឲ្យមនុស្សម្នាក់របួសធ្ងន់ រួចរថយន្តបង្កបង្កើនល្បឿនបើករត់គេចបាត់។

សូមរំលឹកថា កាលពីវេលាម៉ោងប្រមាណ១៩៖៣០នាទីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខចំការចេក ខាងកើតស្ថានីយប្រេង ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង ខណៈជនរងគ្រោះជិះម៉ូតូ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែមានរថយន្ត១គ្រឿង បើកក្នុងល្បឿនលឿនស្របទិសគ្នា បុកពីក្រោយពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ មិនឈប់ជួយអន្តរាគមន៍ដឹកទៅមន្ទីរពេទ្យ តែបើករត់គេចបាត់។ ជនរងគ្រោះបានស្លាប់ពេលក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

ជនរងគ្រោះមានឈ្មោះ អ៊ុន គឹមសួរ អាយុ២៤ឆ្នាំ មានប្រពន្ធ និងកូនតូចចំនួន២នាក់ ស្នាក់នៅផ្ទះជួលនៅភូមិថ្មី សង្កាត់ជ័យជម្នះ ក្រុងបានលុង។

លោក នៅ សុខហេង បានបញ្ជាក់ថា ទោះបីសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍របស់កូនប្រុសគាត់បញ្ជូនទៅដល់ដៃតុលាការហើយ ប៉ុន្តែមិនទាន់ទទួលបានដំណោះស្រាយសម្រាប់គ្រួសារគាត់ទេ ទោះបីរថយន្តបង្កមានភិនភាគម៉ាក Toyota Camry ព្រោះនៅកន្លែងកើតហេតុបានបន្សល់បំណែកខ្លះរបស់រថយន្ត ដូច្នេះពួកគាត់ជាអាណាព្យាបាលលើកម្រាមដៃ១០ បន្តសំណូមពរថ្នាក់លើមេត្តាជួយអន្តរាគមន៍ស្រាវជ្រាវស្វែងរកជនបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យកូនគាត់ស្លាប់មកផ្តន្ទាទោស តាមច្បាប់ដើម្បីផ្តល់ភាពយុត្តិធម៌។

ទាក់ទិនទៅនឹងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោក កែវ ពិសុទ្ធ ប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី បានថ្លែងឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ថា តុលាការបានចាត់ឲ្យស្នងការនគរបាលខេត្ត ស៊ើបសួរជំនួសតាំងពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ មកម្ល៉េះ ព្រោះសំណុំរឿងជាអណត្តិជន (សមត្ថកិច្ចដូចគ្នា)។

លុះដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ស្នងការនគរបាលខេត្ត បានឆ្លើយតបមកវិញថា រកមិនទាន់ឃើញទេ។ លោក កែវ ពិសុទ្ធ បានបញ្ជាក់ទៀតថា ក្រឡាបញ្ជីបន្តនីតិវិធីឲ្យសមត្ថកិច្ចផ្សេងដូចជាអាវុធហត្ថ និងសាធារណការជួយលើការងារនេះបន្តទៀត៕