(ភ្នំពេញ)៖ សហគ្រាសគ្រប់គ្រងសំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ បានបើកសម័យប្រឡងជ្រើសរើសបុគ្គលិកបម្រើការងារ ក្នុងសហគ្រាសគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ (ស.ស.ភ) ដោយបានកំណត់យកវិទ្យាល័យជាស៊ីម សន្ធរម៉ុក ធ្វើជាមណ្ឌលប្រឡង នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

អញ្ជើញចូលរូមកាត់វិញ្ញាសារប្រឡងនាឱកាសនោះ មានលោក ប៉ាក សុខារ៉ាវុត សមាជិកក្រុមប្រឹក្សាភិបាលសហគ្រាស (សសភ) ជាប្រធានមណ្ឌល, លោក គឹម សេត អគ្គនាយកសហគ្រាស (សសភ) ជាអនុប្រធានមណ្ឌល។

លោកស្រី គង់ រតនៈវត្តី អគ្គនាយិការរងសហគ្រាស (សសភ) បានឲ្យដឹងថា បេក្ខជន បេក្ខនារី ដែលបានដាក់ពាក្យចូលរួមប្រឡង មានចំនួន១១៤នាក់, ស្រីចំនួន៦៨នាក់ ដែលយើងត្រូវប្រឡងជ្រើសរើសយក បេក្ខជន បេក្ខនារី ឲ្យចូលបំរើការងារ ក្នុងសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនរាជធានីភ្នំពេញ ចំនួន៣១នាក់។

លោកស្រីបញ្ជាក់ទៀតថា៖ ការប្រឡងនេះ ធ្វើឡើងពេញមួយព្រឹកថ្ងៃទី២១ មេសា នេះដែលចែកចេញជា២វិញ្ញាសារ ៖
* ទី១៖ចំណេះដឹងទូទៅ និងភាសារបរទេស,
* ទី២៖ចំណេះដឹងផ្នែកជំនាញ។

ក្នុងផ្នែកចំណេះដឹងជំនាញ មានរយៈពេល៣ម៉ោង ក្នុងនោះមានផ្នែកលទ្ធកម្ម, សវនៈកម្ម, គណនេយ្យ ផ្នែករដ្ឋបាលបុគ្គលិក (IT) ផ្នែកលេខាធិការដ្ឋាន, ផ្នែកអាជីវកម្ម សេវាកម្ម។ ចំណែកចំណេះដឹងទូទៅប្រឡង មានរយៈពេល៥០នាទី។ នេះជាការប្រឡងជ្រើសរើសបុគ្គលិកឲ្យចូលបំរើការងារជាលើកដំបូង ក្នុងសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជនរាជធានីភ្នំពេញ ដែលពីមុនជារដ្ឋាករស្វយ័តគ្រប់គ្រងសំណល់រឹងរាជធានីភ្នំពេញ។

តាមរយៈការប្រឡងជ្រើសរើសបុគ្គលិកនេះ នឹងបានបំពេញបន្ថែមនូវបុគ្គលិក ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរួមចំណែកគ្រប់គ្រងសំរាម, សំណល់រឹងក្នុងរាជធានីភ្នំពេញ ឲ្យកាន់តែមានប្រសិទ្ធភាព រក្សាបានការលើកកំពស់សោភណ្ឌភាព បរិស្ថានទីក្រុងឲ្យកាន់តែល្អប្រសើរ ដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង។

សូមបញ្ជាក់ថា តាមរយៈកំណើនប្រជាពលរដ្ឋ និងជីវភាពប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ មានការកើនឡើងបញ្ហាសំណល់រឹង (សំរាម) គឺជាបញ្ហាប្រឈមមួយដែលរដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការជាច្រើនមានការផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋពីការទុកដាក់សំរាមឲ្យមានរបៀបទាំងការវេចខ្ចប់ និងបញ្ចេញសំរាម ឲ្យបានទាន់ពេលវេលា។ ការផាកពិន័យ ពីការចោលសំរាមផ្តេសផ្តាសខុសទីតាំង កំណត់ជាដើម។

បច្ចុប្បន្ននេះ បរិមាណសំរាមដែលដឹកចេញទៅក្រៅក្រុង មិនក្រោម ៣៩០០តោនទេ ក្នុងមួយថ្ងៃ ជាបរិមាណមួយដ៏ច្រើនលើចំនួនប្រជាពលរដ្ឋ ជាង៣លាននាក់ រស់នៅក្នុងរាជធានីភ្នំពេញ៕