(ព្រះសីហនុ)៖ បុរសជាកម្មករលើកខ្សាច់ម្នាក់ បានស្លាប់បាត់បង់ជីវិតក្រោយយកក្បាលគ្រាប់មិនទាន់ផ្ទុះ មកដំកែច្នៃនៅកន្លែងធ្វើការរបស់ខ្លួន។ ហេតុការណ៍នេះកើតឡើងនៅទីតាំងដេប៉ូខ្សាច់ គឹម លាង ស្ថិតក្នុងក្រុមទី១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧:១០នាទីល្ងាចម្សិលមិញនេះ។

តាមរយៈរបាយការណ៍សមត្ថកិច្ចខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឡុង ធី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាកម្មករលើកខ្សាច់ថ្មឥដ្ឋ ដើម្បរកចំណូលចិញ្ចឹមជីវិត។

សមត្ថកិច្ចបានបន្តថា៖ «តាមការបំភ្លឺរបស់ឈ្មោះ ពៅ ព្រាន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករដូចគ្នា ស្នាក់នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង ១៧:១០នាទីល្ងាច ពួកគាត់បានសម្រាកពីការងារដោយមានគ្នាបីនាក់ រូបលោកផ្ទាល់, ឈ្មោះ ឡូង ធី (ជនរងគ្រោះ) និងឈ្មោះ ឡាយ ម៉ារ៉ាឌី ភេទស្រី ត្រូវជាកូនម្ចាស់ដេប៉ូ ក្រោយសម្រាកពីការងារនាំគ្នាមកបោកខោអាវ ចំណែកឈ្មោះ ឡូង ធី (ជនរងគ្រោះ) អង្គុយក្រោមដើមស្វាយ ហើយលោកបានឮសូរស្នូរដំដែកបួនដប់ដង បន្ទាប់មកក៏ឮសូរសម្លេងផ្ទុះឡើងយ៉ាងខ្លាំងបង្កជាការភ្ញាក់ផ្អើល ឮបែបនេះរូបលោកបានរត់ទៅមើលក៏ប្រទះឃើញជនរងគ្រោះរបួសដាច់សាច់ពេញខ្លួន ស្លាប់នៅហ្នឹងកន្លែងកើតហេតុបាត់ទៅហើយ»

បច្ចុប្បន្នសាកសពបានធ្វើកោសល្យវិច្ច័យ និងរក្សាទុកនៅមន្ទីរពេទ្យបង្អែកចំការចេកខេត្តព្រះសីហនុ រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី៕