(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសបើកវគ្គបណ្តុះបណ្តាលជំនាញសង្គមកិច្ច ដល់ថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពជំនាញវិជ្ជាជីវៈ ដល់មន្ត្រីសង្គមកិច្ច នៅទូទាំងប្រទេស។

ជាមួយគ្នានេះ លោក ជា សុមេធី បានចាត់ទុកថា ការបណ្តុះបណ្តាលដល់មន្ត្រីលើជំនាញវិជ្ជាជីវៈសង្គមកិច្ច គឺជាការចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ សម្រាប់មន្ត្រីសង្គមកិច្ចនៅទូទាំងប្រទេស។

ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញសង្គមកិច្ច នៅទីស្តីការក្រសួងសង្គមកិច្ច លោក ជា សុមេធី បានជំរុញឱ្យមន្ត្រីរបស់ក្រសួងទាំងអស់ ត្រូវចាំបាច់ទទួលយកការបណ្តុះបណ្តាលវិជ្ជាជីវៈសង្គមកិច្ច ដើម្បីធានាប្រសិទ្ធកភាពការងារ និងនិរន្តរភាពនាពេលខាងមុខ។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្រសួងសង្គមកិច្ច សម្រេចបង្កើតកម្មវិធីបណ្តុះបណ្តាលនេះឡើង ដែលជាការចាប់ផ្តើមយុទ្ធនាការពង្រឹង និងពង្រីកសមត្ថភាពជំនាញវិជ្ជាជីវៈ ដល់មន្ត្រីសង្គមកិច្ចនៅទូទាំងប្រទេស និងឈានទៅដល់ការបង្កើតគណៈវិជ្ជាជីវៈសង្គមកិច្ច ដើម្បីធានាគុណភាពក្នុងការផ្តល់អាជ្ញាប័ណ្ណ ការទទួលស្គាល់កម្លាំងសេវាសង្គមកិច្ច និងការការពារហានិភ័យវិជ្ជាជីវៈ ដែលអាចកើតឡើង ចំពោះអ្នកផ្តល់សេវាសង្គម និងអតិថិជន ដែលទាំងអស់នេះ ជាឧត្តមប្រយោជន៍ជូនដល់ជនរងគ្រោះ និងងាយរងគ្រោះ។

ជាក់ស្តែងនៅថ្ងៃនេះដែរ វិទ្យាស្ថានជាតិសង្គមកិច្ច បានចាប់ផ្តើមរៀបចំវគ្គបណ្តុះបណ្តាលជំនាញសង្គមកិច្ច នៅទីស្តីការក្រសួងសង្គមកិច្ច ដោយមានការចូលរួមពីមន្ត្រីដឹកនាំក្រសួងចំនួន ៧៤នាក់។

បើតាមលោក វង្ស ភារៈ នាយករងទទួលបន្ទុកការងារទូទៅ នៃវិទ្យាស្ថានជាតិសង្គមកិច្ចបានឱ្យដឹងថា ក្នុងនាមជាសេវាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា វិទ្យាស្ថានជាតិសង្គមកិច្ច បានអនុវត្តតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រូវរៀបចំឱ្យមានវគ្គបណ្តុះបណ្តាល ជំនាញសង្គមកិច្ច ជូនថ្នាក់ដឹកនាំមុខងារនយោបាយ និងមុខងារបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោកបន្តថា វគ្គបណ្តុះបណ្តាលបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងធំៗ២ គឺទី១. ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍ របស់សម្តេចបហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានណែនាំឱ្យក្រសួងត្រូវរៀបចំបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់ បង្កើតចំនួននិងទទួលស្គាល់សេវាសង្គមកិច្ច ព្រមជាមួយនឹងការរៀបចំផែនការពង្រាយកម្លាំង សេវាសង្គមកិច្ចទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងទី២. ដើម្បីផ្តល់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ នូវការស្វែងយល់បន្ថែម អំពីអ្វីជាមូលដ្ឋានគ្រឹះនៃការងារសង្គមកិច្ច សម្រាប់យកធ្វើជាមូលដ្ឋានសម្រេចចិត្ត ក្នុងការអភិវឌ្ឍវិស័យសង្គមកិច្ច ឱ្យកាន់តែរីចម្រើននិងមានប្រសិទ្ធភាព ឆ្លើយតបនិងតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះនិងងាយរងគ្រោះ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ១០ថ្ងៃ ចែកចេញជា ៥មុខវិជ្ជាដោយផ្តោតសំខាន់លើសេចក្តីផ្តើមសង្គមកិច្ច គ្រប់គ្រងករណី ប្រឹក្សាយោលបល់ ជំនួបគាំទ្របច្ចេកទេស និងគោលនយោបាយគាំពារសង្គម និងសុខមាលភាពសង្គម ដែលនិងផ្តល់ទៅកាន់អ្នកសិក្សាឱ្យយល់ដឹងពី៖ ១.វិសាលភាពទូទៅនៃការងារសង្គម ២. ទិដ្ឋភាពនិងដំណើរទូទៅ ក្នុងការធ្វើការងារគ្រប់គ្រងករណី ៣. ទិដ្ឋនិងដំណើរការក្នុងការប្រឹក្សាយោបល់ ៤. ផលប្រយោជន៍ដំណើរការទូទៅ ក្នុងការជំនួបគាំទ្របច្ចេកទេសក្នុងវិស័យសង្គមកិច្ច ៥.ផលប្រយោជន៍ និងដំណើរការជាទូទៅ ក្នុងការធ្វើគោលនយោបាយសុខមាលភាពសង្គម៕