(មូស្គូ)៖ សមាជិកកំពូលនៃសភារុស្ស៉ី បាននិយាយនៅថ្ងៃចន្ទនេះថា ឥឡូវនេះ រុស្ស៉ីមានមូលដ្ឋានគ្រឹះដើម្បីរឹបអូសទ្រព្យសម្បត្តិ របស់ប្រទេសលោកខាងលិចហើយ បន្ទាប់ពីសភាតំណាងសហរដ្ឋអាមេរិកអនុម័តច្បាប់ ដែលនឹងអនុញ្ញាតឱ្យមានការផ្ទេរទ្រព្យសម្បត្តិរុស្ស៉ី ដែលរឹបអូសបានទៅឱ្យអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ ២០២៤។

លោក Vyacheslav Volodin ដែលជាប្រធានសភាជាន់ទាបរុស្ស៉ី និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា «ទីក្រុងវ៉ាស៉ីនតោនបានអនុម័តច្បាប់ ស្តីពីការរឹបអូសទ្រព្យសម្បត្តិរុស្ស៉ី ក្នុងបំណងឱ្យសហភាពអឺរ៉ុបចាត់វិធានការដូចគ្នា ដែលអាចនឹងបំផ្លាញសេដ្ឋកិច្ចអឺរ៉ុប។ ប្រទេសរបស់យើង ឥឡូវនេះ មានហេតុផលដើម្បីធ្វើការសម្រចចិត្តឱ្យស័ក្តិសមទៅវិញ ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិបរទេស»។ បើតាម លោក Volodin ទ្រព្យសម្បតិ្តរុស្ស៉ីដែលត្រូវបង្កកនៅបរទេសមានចំនួន ២៨០ពាន់លានដុល្លារ ហើយមានតែ ៥ ទៅ ៦ពាន់លានដុល្លារប៉ុណ្ណោះនៅក្នុងសហរដ្ឋអាមេរិក ខណៈប្រហែល ២២៤ពាន់លានដុល្លារទៀត មាននៅឯសហភាពអឺរ៉ុប។

គួរបញ្ជាក់ថា ទូរទស្សន៍ NBC បានរាយការណ៍ថា សភាតំណាងរាស្រ្តអាមេរិកបានអនុម័តច្បាប់មួយ ដែលនឹងអនុញ្ញាតឱ្យរដ្ឋបាល លោក បៃដិន រឹបអូសទ្រព្យសម្បត្តិរុស្ស៉ីតម្លៃរាប់ពាន់លានដុល្លារពីធនាគារអាមេរិក ហើយផ្ទេរទៅអ៊ុយក្រែនសម្រាប់ការកសាងប្រទេសឡើងវិញ៕