(ភ្នំពេញ)៖ ការផ្សព្វផ្សាយព័ត៌មានដោយបង្ហាញរូបភាពសោកនាដកម្មផ្សេងៗ ឬប្រភេទរូបភាពផ្សេងទៀត ដូចជារូបអាសអាភាស រូបបង្ហាញភាពឃោរឃៅ សកម្មភាពហិង្សា យ៉ាងចំហរស្រស់ៗដោយមិនមានបិទបាំងត្រឹមត្រូវតាមបទដ្ឋានវិជ្ជាជីវៈ គឺប៉ះពាល់ដល់ការថែរក្សាសាសនា វប្បធម៌ ប្រពៃណីល្អរបស់ជាតិ សីលធម៌ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម ព្រមទាំងប៉ះពាល់ដល់សិទ្ធិឯកជនភាព និងតម្លៃរបស់អ្នកដទៃ។ ទាំងនេះសុទ្ធសឹងជាទង្វើដែលអ្នកសារព័ត៌មានមិនត្រូវធ្វើដាច់ខាត ព្រោះជាទង្វើប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ នេះជាការបញ្ជាក់របស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។

លោក ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា គេបានសង្កេតឃើញទង្វើបំពានក្រមសីលធម៌វិជ្ជាជីវៈបានកើតឡើងជារឿយៗក្នុងសង្គមកម្ពុជាទាំងក្នុងអតីតកាល និងពេលបច្ចុប្បន្ន ដោយសារតែការធ្វេសប្រហែស ខ្វះការយកចិត្តទុកដាក់ ជាពិសេសគឺការអនុវត្តការងារដោយខ្វះការទទួលខុសត្រូវ មិនបានប្រកាន់ខ្ជាប់នូវវិន័យការងារ ភាពថ្លៃថ្នូរក្នុងអាជីព និងការមិនគោរពក្រមសីលធម៌ក្នុងចំណោមអ្នកសារព័ត៌មានមួយចំនួន។ អ្នកនាំពាក្យរូបនេះបានមានប្រសាសន៍គូសបញ្ជាក់ថាទង្វើទាំងនេះបានធ្វើឱ្យតម្លៃរបស់អ្នកសារព័ត៌មានដែលបានបំពានក្រមសីលធម៌នោះធ្លាក់ចុះ ហើយមិនតែប៉ុណ្ណោះវាប៉ះពាល់ដល់តម្លៃអ្នកសារព័ត៌មានផ្សេងទៀតដែលជាអ្នកគោរពក្រមសីលធម៌វិជ្ជាជីវៈ និងជះឥទ្ធិពលអាក្រក់ដល់អាជីពសារព័ត៌មានទាំងមូលទៀតផង។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តថាគ្រប់ការប្រកបវិជ្ជាជីវៈការងារទាំងអស់ រួមទាំងអាជីពសារព័ត៌មានផង សុទ្ធតែមានក្រមសីលធម៌ដែលអ្នកប្រកបអាជីពនោះ ត្រូវប្តេជ្ញាចិត្តគោរព និងអនុវត្តតាម ដើម្បីធានាភាពត្រឹមត្រូវ ស្របច្បាប់ និងសុច្ចរឹតភាពក្នុងសង្គម ព្រមទាំងលើកកម្ពស់តម្លៃវិជ្ជាជីវៈ។ លោក ទេព អស្នារិទ្ធ បានថ្លែងដោយសង្កត់ធ្ងន់ថាក្នុងន័យនេះ អ្នកសារព័ត៌មាន មានសិទ្ធិសេរីភាពពេញលេញ ក្នុងការចុះយកនិងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែការអនុវត្តសិទ្ធិសេរីភាពនោះត្រូវផ្សារភ្ជាប់ជាមួយនឹងទំនួលខុសត្រូវ កាតព្វកិច្ចជាអ្នកសារព័ត៌មាន និងការប្រតិបត្តិតាមក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។ សូមចងចាំថា អ្នកសារព័ត៌មានមានកាតព្វកិច្ចធានាថាការផ្សព្វផ្សាយរបស់ខ្លួន មិនបំពានសិទ្ធិបុគ្គល មិនបង្កព្យសនកម្ម មិនបង្ខូចកេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។

ជាងនេះទៀត អ្នកសារព័ត៌មានមានទំនួលខុសត្រូវក្នុងការធានាថាការផ្សព្វផ្សាយរបស់ខ្លួន មិនបង្កមហន្តរាយដល់សណ្តាប់ធ្នាប់សាធារណៈ មិនបង្កហានិភ័យប៉ះពាល់ដល់ស្ថិរភាពក្នុងសង្គម និងសន្តិសុខជាតិ។ អ្នកសារព័ត៌មានត្រូវគោរព ស្រលាញ់ ផ្តល់តម្លៃដល់អាជីពរបស់ខ្លួន និងចូលរួមការពារតម្លៃអ្នកដែលប្រកបអាជីពដូចគ្នា ព្រមទាំងលើកតម្កើងវិជ្ជាជីវៈសារព័ត៌មានកម្ពុជាឱ្យកាន់តែរីកចម្រើន។

ដោយឈរលើស្មារតីនៃលទ្ធផលសិក្ខាសាលាស្តីពីការតម្រង់ទិសលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ រៀបចំដោយក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានអំពាវនាវដោយគូសបញ្ជាក់បន្ថែមថាការគោរពក្រមសីលធម៌ក្នុងការប្រកបវិជ្ជាជីវៈសារព័ត៌មានមានសារៈសំខាន់ណាស់ ដែលចាំបាច់ទាមទារឱ្យអ្នកប្រកបអាជីពសារព័ត៌មានគ្រប់រូប ត្រូវប្រកាន់ខ្ជាប់ដាច់ខាតក្នុងការអនុវត្តការងាររបស់ខ្លួនប្រចាំថ្ងៃប្រកបដោយការទទួលខុសត្រូវ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាន និងកសាងបន្ថែមនូវទំនុកចិត្តរបស់ប្រជាពលរដ្ឋ៕