(ភ្នំពេញ)៖ វេទិកាការងារ និងកម្មសិក្សាការងារ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៣ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៤៣កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗ ជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ០៥៖០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុន នឹងស្ថាប័នធំៗទាំង១៣ ដែលនឹងចូលរួមវេទិកាការងារនាថ្ងៃទី២៨ខាងមុខនេះ មមាន៖ ធនាគារឯកទេស AEON, ក្រុមហ៊ុន NOVA, ក្រុមហ៊ុន លីហួរ, បុរីឡាយ គង់, មីក្រូហិរញ្ញវត្ថុ ជោគជ័យ, ធនាគារ LOLC, ក្រុមហ៊ុន EMD(F&D) Co,ltd, ក្រុមហ៊ុន MEKONGNET, ក្រុមហ៊ុន FORT Life Assurance, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន គួចម៉េងលី គ្រុប, ក្រុមហ៊ុន SNKRP, និងក្រុមហ៊ុន Forward International Investment។

ជាមួយគ្នានេះដែរ លោក រ៉េត សាគា ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងផ្សព្វផ្សាយរបស់ធនាគារ AEON បានលើកឡើងថា NEA តែងតែផ្តល់ឱកាសដល់ធនាគារ AEON ចូលរួម ក្នុងវេទិកាផ្សេងៗដែល NEA រៀបចំមិនថាជាវេទិកាការងារ ពិព័ណ៌ការងារ ឬកិច្ចសម្ភាសការងារជាដើម។ ព្រឹត្តិការណ៍ដែល NEA រៀបចំឡើង គឺពិតជាបានរួមចំណែកធំធេងណាស់ ក្នុងការជួយដល់និយោជកក្នុងការជ្រើសរើសបុគ្គលិក។

លោកបញ្ជាក់បន្ថែមទៀតថា ប្រសិនជាសិស្សនិស្សិត ឬអ្នកមានបំណងចង់ស្វែងរកការងារធ្វើសូមកុំភ្លេច NEA ដែលជាមជ្ឈមណ្ឌលព័ត៌មានការងារយ៉ាងសំបូរបែប។ លោកក៏សូមថ្លែង អំណរអគុណដល់ NEA ដែលតែងតែសម្របសម្រួលដល់ធនាគារ AEON ក៏ដូចជាក្រុមហ៊ុនដទៃផ្សេងទៀត ក្នុងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ។ លោកបានអំពាវនាវចំពោះយុវជន ដែលពុំទាន់មានការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារសូមតាមដាន page ឬ telegram របស់ NEA នោះនឹងទទួលបានព័ត៌មានពីឱកាសការងារយ៉ាងច្រើន នឹងមកចូលរួមនៅវេទិការងារ នៅថ្ងៃទី២៥ ខាងមុខនេះ ឱ្យបានច្រើនកុះករ។

សម្រាប់ព័ត៌មានបន្ថែមអំពីការចូលរួមវេទិកាការងារ សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕