(ភ្នំពេញ)៖ មន្ត្រីអាជ្ញាសាលា នៃសាលាដំបូងខេត្តបន្ទាយមានជ័យឈ្មោះ ឡា ប៊ុនហួន ត្រូវបាន ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តី ក្រសួងយុត្តិធម៌ សម្រេចផ្ទេរភារកិច្ចពីសាលាដំបូងខេត្តបន្ទាយមានជ័យ មកបំរើការងារនៅនាយកដ្ឋានអាជ្ញាសាលា នៃក្រសួងយុត្តិធម៌បន្ទាន់ភ្លាមៗ។

នេះបើយោងតាមសេចក្តីប្រកាសដែលចុះហត្ថលេខាដោយ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

សូមជំរាបថា ការសម្រេចផ្ទេរតួនាទីរបស់ មន្រ្តីអាជ្ញាសាលារូបនេះ ធ្វើឡើងស្របពេលដែលបណ្តាញព័ត៌មាន Fresh News ទទួលបានព័ត៌មានពីមន្រ្តីតុលាការនានា ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា អាជ្ញាសាលារូបនេះ តែងតែប្រព្រឹត្តលើស និងខុសនីតិវិធីនៃការអនុវត្ត ច្រើនលើកជាច្រើនសារ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋស្លូតត្រង់ ងាយរងគ្រោះ នៅខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះក្នុងករណីដីធ្លីមួយកន្លែង ស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ជាក់ស្តែងថ្មីៗនេះ សាលាអាជ្ញារូបនេះបានចេញលិខិតជូនដំណឹង ស្តីពីការអនុវត្តរបស់ខ្លួនច្រើនលើកច្រើនសារជាន់គ្នា ដូចជា ការចេញលិខិតពន្យារពេលការអនុវត្តករណីមួយដោយបង្ខំ រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ស្រាប់តែ០៤ថ្ងៃក្រោយមក បែរជាចេញលិខិតជូនដំណឹងស្តីពីការអនុវត្តលើកទី២ ឲ្យមកអនុវត្តនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វិញ។

ជនរងគ្រោះដដែលរូបនោះបានថ្លែងចោទជាសំណួរថា ហេតុអ្វីបានជាសាលាអាជ្ញារូបនោះ អនុវត្តថយក្រោយលុបលើលិខិត ពន្យារពេលរបស់ខ្លួនទៅវិញទៅមក (ដូចលិខិតខាងក្រោមនេះ) តើមូលហេតុអ្វី បានជាធ្វើឲ្យអាជ្ញាសាលារូបនេះហ៊ានធ្វើបែបនេះ?

ក្នុងនាមជាប្រពលរដ្ឋរងគ្រោះ សូមគាំទ្រចំណាត់ការរបស់ ឧបនាយករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្ទេរភារកិច្ចពីសាលាដំបូងខេត្តបន្ទាយមានជ័យ មកបំរើការងារនៅនាយកដ្ឋានអាជ្ញាសាលា នៃក្រសួងយុត្តិធម៌៕