(បាត់ដំបង)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងធម្មការ និងសាសនា អាជ្ញាធរខេត្តបាត់ដំបង និងក្រុមប្រឹក្សាបណ្តាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានសហការរៀបចំសិក្ខាសាលាការលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន អន្តរសាសនាខេត្តបាត់ដំបង មានព្រះពុទ្ធសាសនា បាហៃ ឥស្លាម ធៀនយិនម៉ីឡឹក សាលាព្រះគម្ពីរ មហាយាន អង្គការ World Vision សរុប២៩០នាក់ នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា CUS ដើម្បីផ្សព្វផ្សាយ អប់រំបន្ត។

ក្នុងនាមលោក សុខ លូ អភិបាលខេត្ត និងជាប្រធានៈគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង, លោក អ៊ូ ដារី អភិបាលរង តំណាងលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តបាត់ដំបង បានថ្លែងអំណរគុណ កោតសសើរ និងសូមឱ្យអ៉ីម៉ាំ គ្រូគង្វាល បូជាចារ្យ និងក្រុមជំនុំខិតខំចាប់យកនូវចំណេះដឹងពីបញ្ហាគ្រឿងញៀន ដើម្បីយកទៅផ្សព្វផ្សាយបន្តឱ្យបានផុលផុសដល់ក្រុមគ្រួសារ បរិស័ទទាំងក្នុងផ្ទះ និងសហគមន៍ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនពីផ្ទះ និងសហគមន៍។

ក្នុងនាមលោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានកោតសសើរ និងអរគុណដល់កិច្ចសហការរៀបចំសិក្ខាសាលា ចូលរួមឆ្លើយតបជាមួយរាជរដ្ឋាភិបាលនីតិកាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដាក់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាការងារអាទិភាពក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដាក់ចេញនូវវិធានការម៉ឺងម៉ាត់ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិអនុវត្តឱ្យបានខ្ជាប់ខ្ជួនការចូលរួមពីគណៈអ៉ីម៉ាំ គ្រូគង្វាល បូជាចារ្យ អាចារ្យ ជាកម្លាំងសំខាន់ចាំបាច់ក្រៅពីអប់រំព្រះធម៌ត្រូវអប់រំពីបញ្ហាគ្រឿងញៀនដល់ក្រុមគ្រួសារយើង បរិស័ទយើង «ផ្ទះអ្នកផ្ទះខ្ញុំគ្មានគ្រឿងញៀន ភូមិខ្ញុំគ្មានគ្រឿងញៀន សហគមន៍មានសុវត្ថិភាពគ្មានគ្រឿងញៀន» ហើយទីណាគ្មានអ្នកជក់ គឺគ្មានអ្នកលក់គ្រឿងញៀន និងចូលរួមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ សុខដុមនីយកម្មសាសានាអ៉ីម៉ាំ គ្រូគង្វាល បូជាចារ្យ និងពួកជំនុំតែងបានចូលរួមផ្សព្វផ្សាយ អប់រំ បង្ការនូវបញ្ហាផ្សេងៗ ក្នុងសហគមន៍មូលដ្ឋាន។

ថ្លែងក្នុងនាមលោក ចាយ បូរិន្ទ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, លោក ឈិត សុគន្ធី រដ្ឋលេខាធិការ បានថ្លែងអំណរគុណ អរគុណ និងវាយតម្លៃខ្ពស់ ចំពោះគ្រប់ផ្នែកទាំងអស់ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃ ដើម្បីចូលរួមក្នុងសិក្ខាសាលាដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ ដើម្បីបង្ការទប់ស្កាត់ខ្លួនពីផលប៉ះពាល់នៃគ្រឿងញៀន និងចែករំលែកទៅដល់សាសនិកផ្សេងៗទៀត ដើម្បីបង្ការ និងចៀសឆ្ងាយពីគ្រឿងញៀន។

លោកគោលនយោបាយសុខដុមនីយកម្មសាសនារបស់រាជរដ្ឋាភិបាលគឺផ្តល់សិទ្ធិ សេរីភាព ជំនឿ ដល់គ្រប់សាសនិកទាំងអស់អាចសិក្សាស្វែងយល់ ចូលរួមជាមួយសាសនាណាមួយតាមចិត្តចង់ព្រោះថា គ្រប់សាសនាទាំងអស់ សុទ្ធ តែបានអប់រំមនុស្សឱ្យប្រព្រឹត្តអំពើល្អដើម្បីទទួលបានសេចក្តីសុខ ហើយការចូលរួមផ្សព្វផ្សាយអប់រំ ពីបញ្ហាគ្រោះថ្នាក់នៃគ្រឿងញៀនដល់បរិស័ទរបស់ខ្លួនពីគណៈអ៉ីម៉ាំ គ្រូគង្វាល បូជាចារ្យ អាចារ្យ ពួកជំនុំ គឺជាការសាងនូវអំពើល្អ យើងនឹងទទួលបានសេចក្តីសុខ ដោយគ្មានអំពើហិង្សា និងឧក្រិដ្ឋកម្ម៕