(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ថា ព្រះពុទ្ធសាសនាបានចូលរួមយ៉ាងសំខាន់នៅក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសទេសជាតិ ឱ្យមានការរីកចម្រើនគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ហើយគ្រប់សាសនាទាំងអស់មានគោលបំណងដូចគ្នាគឺ អប់រំមនុស្សឱ្យប្រព្រឹត្ត អំពើល្អ និងការគោរពគ្នាទៅវិញទៅមក។

លោក គីម​ រិទ្ធី​ បានលើកយ៉ាងដូចនេះ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះអគ្គតេជោ ថៃ អ៊ុំ (សាវុធ) ព្រះវិន័យធរគណខេត្តព្រះវិហារ ដោយមានការនិមន្តចូលរួមពីព្រះព្រហ្មរតនមុនីសរីសុវណ្ណោ ពិន សែម សម្តេចគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំមន្ទីរអង្គភាព​ជុំវិញខេត្ត​ ព្រះសង្ឃ​ លោកតាជី​-យាយជី​ ប្រជាពលរដ្ឋ​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រេីនរូបទៀត​ នៅបរិវេណវត្តពោធិ៍មានជ័យ​ភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ​។

លោក គីម​ រិទ្ធី​ បានបន្តថា​យើងគួរមានមោទនភាព ដែលខេត្តព្រះវិហារ​ មិនមានជម្លោះសាសនា​ ដែលបានធ្វើឱ្យពលរដ្ឋនៅទូទាំងខេត្តរស់នៅដោយភាពសុខដុមជាមួយគ្នា លោកក៏អំពាវនាវឱ្យរួមគ្នាលុបបំបាត់ឱ្យអស់ចំពោះទស្សនៈ និងគោលការណ៍ជ្រុលនិយម ដើម្បីរក្សាការពារសុខសន្តិភាព សេរីភាព និងការរីកចម្រើននៅក្នុងខេត្ត

ជាមួយគ្នានេះលោក គីម រិទ្ធី ក៏បានស្នើដល់ព្រះសង្ឃគ្រប់អង្គ សូមប្រតិបត្តិធម្មវិន័យឱ្យបានត្រឹមត្រូវ ដើម្បីជាគំរូល្អក្នុងសង្គមជាតិ និងបានស្នើដល់ព្រះសង្ឃគ្រប់អង្គ ជួយដល់សង្គមជាតិ តាមរយៈការចូលរួមអប់រំ លើកកម្ពស់គុណធម៌ សីលធម៌ និងសុជីវធម៌ ដើម្បីសង្គមកម្ពុជា ជៀសផុតពីអំពើមិនល្អ និងអបាយមុខផ្សេងៗនៅក្នុងសង្គមជាតិ៕