(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជាស្នាក់ការកណ្ដាល បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងសាខាកាកបាទក្រហមកម្ពុជាខេត្ដកណ្តាល និងសាខាកាកបាទក្រហមកម្ពុជាខេត្ដរតនគីរី ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២២​ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

ពិធីចុះអនុស្សារណៈយោគយល់គ្នានេះ ក៏មានការអញ្ជើញចូលរួមពីលោក គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងលោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគីរី ព្រមទាំងមានការចូលរួមថ្នាក់ដឹកនាំទីស្នាក់ការកណ្តាលនិងសមាជិក សមាជិការ ក្រុមប្រតិបត្តិសាខាទាំងពីរ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី បាននាំប្រសាស៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសាខាទាំងពីរ ដែលមានគំនិតផ្ដួចផ្ដើម ព្រមព្រៀងគ្នារៀបចំឱ្យមានជាអនុស្សរណៈនេះ ដើម្បីបង្ហាញពីភាពចេះជួយគ្នាទៅវិញទៅមកនេះ រឹតចំណងមិត្តភាព សាមគ្គីភាព សហប្រតិបតិ្តការ និងជួយគាំទ្របច្ចេកទេស ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ការបណ្តុះបណ្តាល ការងារសុខភាពសហគន៍ ការលើកកម្ពស់បរិស្ថានបៃតង និងការប្រែប្រួលអាកាសធាតុ និងជួយគ្នាទៅវិញទៅមកក្នុងពេលមានគ្រោះមហន្តរាយនានា។

លោកស្រីបានបន្ដថា «សម្រាប់ឆ្នាំ២០២៤នេះ មានពិធីចុះអនុស្សារណៈចំនួន២លើក ដោយលើកទី១គឺមានសាខាខេត្តព្រះសីហនុ និងសាខាខេត្តស្ទឹងត្រែង ហើយលើកទីពីរនេះ គឺមានសាខាខេត្តកណ្តាល និងសាខាខេត្តរតនគីរី ហើយទីស្នាក់កណ្តាលក៏មានអនុស្សារណៈលើកទី៣ នាពេលខាងមុខនេះផងដែរ រវាងសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ និងសាខាខេត្តក្រចេះ»

លោកស្រីអគ្គលេខាធិការ បានគូសបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានេះ គឺជាការចែករំលែកក្នុងសមាគមជាតិយើង រវាងសាខាដែលមានលទ្ធភាពច្រើន ជួយដល់សាខាដែលមានលទ្ធភាពតិច ។លោកស្រីបានបន្ដថា ទោះបីជាសាខាទាំងពីរ បានចុះហត្ថលេខានុស្សារណៈជាមួយគ្នាក៏ដោយ ក៏ទីស្នាក់ការកណ្ដាលកាកបាទ្រហមកម្ពុជា នៅតែបន្តការយកចិត្ដទុកដាក់ ជួយធ្វើអន្ដរាគមដដែល នៅពេលដែលមានតម្រូវការចំបាច់ គឺនៅតែជាជំហរផ្ដល់ផ្នែកបច្ចេកទេស និងជាខ្នងបង្អែកក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន៕