(រីយ៉ាដ-អារ៉ាប៊ីសាអូឌីត)៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អញ្ជើញចូលរួមសម័យប្រជុំលើកទី៤៦ របស់ឧត្តមក្រុមប្រឹក្សា នៃអង្គការសម្ព័ន្ធពិភពឥស្លាម Muslim World League (MWL) នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

កិច្ចប្រជុំនេះ បានសម្រេច ជាឯកច្ឆន្នជ្រើសរើស និងបន្តសុពលភាពអាណត្តិ នៃសមាជិកឧត្តមក្រុមប្រឹក្សា ដែលជាថ្នាក់ដឹកនាំឥស្សរជនតំណាងប្រទេសជាង១០០ និងសហគមន៍ឥស្លាមមកពីជុំវិញពិភពលោក។

ក្នុងនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏ត្រូវបានអង្គការ MWL បានសម្រេចជាឯកច្ឆន្ន ជ្រើសរើសជា សមាជិកឧត្តមក្រុមប្រឹក្សា ជាលើកទី២ ដែលមានអាណត្តិចំនួន៥ឆ្នាំ (២០២៤-២០២៩) បន្ទាប់ពីបានជ្រើសតាំងជាឯកច្ឆន្នលើកទី១ រយៈពេល៥ឆ្នាំ (២០១៨-២០២៤) កន្លងមក។

ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំនេះ លោកក៏គ្រោងមានជំនួប ជាមួយនឹងថ្នាក់ដឹកនាំក្រសួងមួយចំនួន ដើម្បីស្នើសុំបន្ថែមនូវកូតាហាជ្ជីដល់កម្ពុជា និងផ្តល់ព័ត៌មាន ស្តីពីសក្តានុពលនៃការវិនិយោគ រួមទាំងការវិនិយោគលើវិស័យឧស្សាហកម្មហាឡាល និងការនាំចេញផលិតផលទំនិញផ្សេងៗ ពីកម្ពុជា។

សូមជម្រាបថា អង្គការសម្ព័ន្ធពិភពឥស្លាម ជាអង្គការដ៏ធំមួយ ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយ ព្រះចៅ ហ្វៃសល អាល់សាអ៊ូឌ ជាសមាជិកសង្កេតការណ៍របស់ អង្គការសហប្រជាជាតិ (UN) ជាសមាជិកសង្កេតការរបស់ អង្គការសហប្រតិបត្តិការឥស្លាម (OIC) ដែលមានមានទីស្នាក់ការ នៅទីក្រុងម៉ាកាស់ (Makkah) ប្រទេសអារ៉ាប៊ីសាអូឌីត មានការិយាល័យរបស់ខ្លួនជាច្រើន ដែលគ្រប់ដណ្តប់ចំនួន៩៥ប្រទេស ព្រមទាំងមានដៃគូសហការជាមួយអង្គការអន្តរជាតិធំៗជាច្រើនទៀត មានដូចជា អង្គការ UNESCO, UNICEF, OCHA, ECOSOC, WFP, UNHR, UNRWA, WHO, ICRC, និងធនាគារអភិវឌ្ឍន៍ឥស្លាម (IsDB )ផងដែរ៕