(ព្រះសីហនុ)៖ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជនក្នុងទិវាខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» នៅទីស្នាក់ការស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអំពាវនាវចំពោះអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន និងបងប្អូនជនរួមជាតិ សូមចូលរួមបរិច្ចាគថវិកាតាមសទ្ធាជ្រះថ្លា ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងឱកាសខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ខាងមុខនេះ ដើម្បីឱ្យសាខាមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

ក្នុងឱកាសនោះលោក គួច ចំរើន សង្ឃឹមយ៉ាងមុតមាំថា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមបរិច្ចាគធនធានឧបត្ថម្ភជាថវិកា សម្ភារៈ ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុពុំខានឡើយ។ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រង់ចាំទទួលអំណោយពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃនេះតទៅ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុគ្រប់ពេលវេលា។

សូមបញ្ជាក់ថា ថវិកាដែលទទួលបានពីសប្បុរសជនលើកទី១ នៃទិវាខួបលើកទី១៦១នេះ បានចំនួន ៣៥នាក់ សរុបថវិកាចំនួន ១៤៩ ៧៩០ ០០០រៀល និងប្រាក់ដុល្លាចំនួន ៨៣ ៩៥០ដុល្លារអាមេរិក៕