(ភ្នំពេញ)៖ លោកស្រី សម័យ លីនដា ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានបើកសវនាការប្រកាសសាលក្រម លើសំណុំរឿងព្រហ្មទណ្ឌ សម្រេចផ្ដន្ទាទោសក្រុមចោរ ឆក់២នាក់ ដែលតែងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដោយដាក់ពន្ធនាគារត្រឹម១៨ខែ ក្រោមហេតុផលអាយុមិនទាន់ដល់១៨ឆ្នាំ។

ក្រុមចោរឆក់ទាំង២នាក់នេះ ឈ្មោះ ម៉ក់ សុវណ្ណាឌី អាយុ១៨ឆ្នាំ (អ្នកបេីក) និងឈ្មោះ ខែម វិរះពិទូរ អាយុ១៧ឆ្នាំ (ដៃដល់) ដាក់ពន្ធនាគារក្នុងម្នាក់ៗ១៨ខែ ពីបទ «លួចមានស្ថានទម្ងន់ទោស»។

សូមរំលឹកថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីពួកគេឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌា តែមិនបានសម្រេចនៅចំណុចផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣។

ពេលនោះ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ចុះល្បាតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏ប្រទះឃើញជន សង្ស័យជិះម៉ូតូចំនួន១គ្រឿង មានគ្នាចំនួន២នាក់ ឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ ជាជនជាតិវៀតណាម ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌាតែមិនបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញការិយាល័យប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង០២នាក់ នៅចំណុចផ្លូវលេខ៣៦១ សង្កាត់ ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ ហើយដកហូតបាន ម៉ូតូម៉ាក SUZUKI-NEX ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 1JS-9473 (របស់ជនសង្ស័យ)៕