(សៀមរាប)៖ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងថា ព្រឹត្តិការណ៍«ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» នឹងបង្កើនទំនាក់ទំនងកាន់តែល្អរវាងក្រសួងទេសចរណ៍ កម្ពុជា និងខេត្តហឺណាន នៃសាធារណៈរដ្ឋបក្សកុម្មុយនិស្តចិន។ កម្ពុជា និងចិន គឺជាមិត្តល្អបំផុត ចេះជួយយកអាសារគ្នាទៅវិញទៅមកគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។ ប្រជាជនចិន និងប្រជាជនកម្ពុជា មានភាពស្រដៀងគ្នា និងពាក់ព័ន្ធខាងផ្នែកប្រវត្តិសាស្ត្រជាមួយគ្នាច្រើន ដូចជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងប្រវត្តិនៃទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ។ ប្រវត្តិវិទូជាច្រើនបានស្គាល់ និងដឹងអំពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ តាមរយៈកំណត់ត្រាជីវ តាក្វាន់ បេសកជនពិសេសរបស់ចិនប្រចាំនៅកម្ពុជា នៅចុងសតវត្សទី១៣ ក្នុងសម័យកាលអាណាចក្រខ្មែរ។

លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងយ៉ាងដូច្នេះក្នុងព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» ដែលរៀបចំឡើងដោយក្រសួង ទេសចរណ៍សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ នៅខាងជើងប្រាសាទបាយ័ន និងមានការចូលរួមពីលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប, លោក ស៊ុន ស៊ូកង (Sun Shougang) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការខេត្តហឺណាន នៃបក្សកុម្មុយនិស្តចិន និងជាអភិបាលរងខេត្តហឺណាន ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនចូលរួមផងដែរ។

លោក សុខ សូកេន បានបន្តថា ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន ត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួតបន្ថែមទៀត ពីមួយជំនាន់ទៅមួយជំនាន់រហូតដល់បច្ចុប្បន្ន ដោយ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា, សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានបន្តពី ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកប្រធាន ម៉ៅ សេទុង។

លោក សុខ សូកេន ក៏បានស្នើ អភិបាលរងខេត្ត ហឺណាន សូមបន្តកិច្ចសហការនេះ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ពិសេសជំរុញការផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជាទៅដល់ប្រជាជនខេត្តហឺណាន ក៏ដូចជាជំរុញឱ្យមានជើងហោះហើរត្រង់ពី ទីក្រុងនានានៃខេត្តហឺណាន មកកម្ពុជា ជាពិសេសមកកាន់ខេត្ដសៀមរាប។ ព្រមទាំង បន្តគាំទ្រ និងជំរុញការចូលរួមសកម្មភាពនៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤» បន្តបន្ទាប់ទៀត។

លោកសង្ឃឹមថា តាមរយៈការរៀបចំព្រឹត្តិការណ៍នានារួមគ្នារវាងកម្ពុជា-ចិន ក្នុងក្របខ័ណ្ឌនៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ពិសេសព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» នាពេលនេះ នឹងជួយផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសយើងទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួមដល់ការពង្រឹង ចំណងមិត្តភាព ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក រវាងកម្ពុជា-ចិន ប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាព ចំពោះទីផ្សារចិនសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ឆ្នាំ២០២៣កន្លងទៅ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ ៥,៤៥ លាននាក់ ក្នុងនោះដែរ ភ្ញៀវទេសចរចិនមានចំនួនប្រមាណ ៥៤ម៉ឺននាក់ និងទេសចរជាតិប្រមាណ ១៨,៥ លាននាក់។ ដោយឡែក សម្រាប់រយៈពេលបីខែ ដើមឆ្នាំ២០២៤, កម្ពុជាបានទទួលទេសចរអន្តរជាតិ ៩៨៨,៥៧ ពាន់នាក់ កើនឡើង១៨% ក្នុងនោះដែរ ទេសចរចិនមានចំនួនប្រមាណ ១០៩.៩៩០នាក់ កើនឡើង ៣៨,៥%។

លោក ស៊ុន ស៊ូកង បានលើកឡើងដែរថា តាមរយៈព្រឹត្តិការណ៍នេះ ផ្ញៀវទេសចរកាន់តែច្រើនឡើងមកពីគ្រប់ទិសទីនឹងចាប់អារម្មណ៍នូវបទពិសោធនៃវប្បធម៌អង្គរ និងកោតសរសើរពីសៅលីញកុងហ្វូ ដែលជាវប្បធម៌ដ៏ត្រចះត្រចង់នៃអរិយធម៌បូព៌ា តាមផ្លូវទេសចរណ៍អន្តរជាតិ «ហឺណាន ចិន -សៀមរាប កម្ពុជា» ខណៈដែលប្រាសាទអង្គរវត្តរបស់កម្ពុជា គឺជាគុជចែងចាំង មិនត្រឹមតែជានិមិត្តរូបរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាតំបន់បេតិកភណ្ឌវប្បធម៌ ដែលទទួលស្គាល់ជាសកលផងដែរ។

លោក យុន លីនណេ បានលើកឡើងថា ព្រឹត្តិការណ៍ «ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ» នាពេលនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការជំរុញនូវវិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ទូទាំងកម្ពុជា។ លោកបានបន្តថា ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងបង្កើនទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូរ រវាងប្រជាជនខេត្តហឺណាន និងប្រជាជនកម្ពុជា ក៏ដូចជារួមចំណែកជំរុញ និងផ្សព្វផ្សាយវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ឱ្យកាន់តែមានភាពល្អប្រសើរឡើង៕