(បាត់ដំបង)៖ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គមឆ្នាំ២០២៤-២០២៨ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួម ពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ,ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត, មេប៉ុស្តិ៍នគរបាលអន្តោប្រវេសតាមច្រកព្រំដែន,អភិបាលក្រុង ស្រុក, អធិការនគរបាល,មេប៉ុស្តិ៍រដ្ឋបាល, កងរាជអាវុធហត្ថ,គ្រប់ស្រុកនិងមានការចូលរួមពី កងកម្លាំងទាំងបី អាជ្ញាធរដែនដីក្រុងស្រុកឃុំសង្កាត់ចំនួន៤៦២រូប ចូលរួមផងដែរ។

លោក សុខ លូ បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃស្វាហាប់ប្រកបដោយព្រលរបស់សម្តេចធិបតី ហ៊ុន នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧នេះ ពិសេសក្រោមការចង្អុលបង្ហាញផ្ទាល់របស់អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលបានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ ស្ថានភាពសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តបាត់ដំបង មានលក្ខណៈល្អប្រសើរ ក្នុងនោះគណៈបញ្ជាការឯកភាព រដ្ឋបាលគ្រប់លំដាប់ថ្នាក់ បានធ្វើការចុះបង្ក្រាប និងបិទទីតាំងល្បែងផ្សងសំណាងខុសច្បាប់នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្ត បានល្អប្រសើរ និងជាពិសេសជាងនេះទៅទៀត រដ្ឋបាលខេត្ត បានអនុវត្តតាមបទ បញ្ជា លេខ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញ វិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយរដ្ឋបាលខេត្ត បាននិងកំពុងអនុវត្តវិធានការធ្វើការតេស្តរកសារធាតុញៀនខុសច្បាប់ចំពោះមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត។

ជាមួយនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត និងក្នុងនាមជាអាជ្ញាធរនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សូមធ្វើការគាំទ្រពេញទំហឹង ចំពោះការដាក់ចេញផែនការយុទ្ធសាស្ត្រ ស្តីពីការលើកកម្ពស់ ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឆ្នាំ២០២៤- ២០២៨ និងសូមប្តេជ្ញាចូលរួមអនុវត្តឱ្យទទួលបានជោគជ័យ ដើម្បីពង្រឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងការគ្រប់គ្រងរដ្ឋបាលដែនដីឱ្យកាន់តែ មានប្រសិទ្ធភាព ហើយជឿជាក់យ៉ាងមុតមាំថា ផ្លែផ្កា ជោគជ័យ នៃការអនុវត្តផែនការយុទ្ធសាស្ត្រនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋរបស់យើងរស់នៅប្រកបដោយ សេចក្តីសុខ និងមានជីវភាពរស់នៅកាន់តែប្រសើរមានលទ្ធភាពកាន់ តែងាយស្រួលក្នុងការទទួលបានសេវា សាធារណៈទាំងសេវារដ្ឋបាល និងសេវាសន្តិសុខប្រកបដោយទំនុកចិត្តការជឿជាក់ឆាប់រហ័សទំនើបនិង ប្រកបដោយប្រសិទ្ធភាព ធានាបាននូវការអភិវឌ្ឍខេត្តលើគ្រប់វិស័យ បរិយាប័ន្ន និងបច្ចេកវិទ្យាឌីជីថល។

នាឱកាសនោះលោកសន្តិបណ្ឌិត សុខ ផល បានលើកឡើងនូវយុទ្ធសាស្រ្តសំខាន់ៗចំនួន៦ រួមមាន៖

*ការពង្រឹងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ។ យុទ្ធសាស្ត្រទី១នេះ ផ្តោតទៅលើការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ (រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង មុខងារ និងធនធាន) ការអភិវឌ្ឍសមត្ថភាពធនធាន មនុស្ស ការពង្រឹងប្រសិទ្ធភាពនៃការបំពេញការងារ ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល និងពង្រឹងកិច្ចសហប្រតិបត្តិការនិងភាព ជាដៃគូជាមួយអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។
*យុទ្ធសាស្រ្តនេះមានសកម្មភាព៥ ជាអាទិភាព ។
*យុទ្ធសាស្ត្រទី២ ផ្តោតទៅលើការបន្តការពារឱ្យបានដាច់ខាតនូវសន្តិភាពឯករាជ្យ អធិបតេយ្យភាពជាតិបូរណភាពទឹកដី ស្ថិរភាពនយោបាយនិងការធានា រក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមដែលជាបុរេលក្ខខណ្ឌ មិនអាចខ្វះបានសម្រាប់ការលើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ ប្រទេសជាតិ។
*យុទ្ធសាស្រ្តទី៣ ផ្តោតទៅលើការគ្រប់គ្រងពន្ធនាគារតាមបទដ្ឋាន ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការទប់ស្កាត់ការប្រព្រឹត្តបទល្មើសសារជាថ្មី និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ។
*យុទ្ធសាស្ត្រទី៤ ផ្តោតទៅលើការពង្រឹង ការកែទម្រង់ស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សក្នុងក្របខ័ណ្ឌនៃក្រសួងមហាផ្ទៃតាមរយៈការធ្វើវិចារណកម្មមុខងារ តួនាទី ភារកិច្ចឱ្យបានច្បាស់លាស់ តាមអង្គភាពនីមួយៗនៃក្រសួងមហាផ្ទៃ ការអភិវឌ្ឍស្ថាប័នបណ្តុះបណ្តាល ការពង្រឹងការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងអភិបាលកិច្ចក្នុងការគ្រប់គ្រងចាត់ចែងធនធានហិរញ្ញវត្ថុ និងទ្រព្យស
ម្បត្តិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាបន្ន និងសមធម៌សង្គម ព្រមទាំងលើកកម្ពស់ភាពស្អាតស្អំក្នុងការបំពេញការងារ។
*យុទ្ធសាស្រ្តទី៥ ផ្តោតទៅលើការពង្រឹង និងការកែលម្អយន្តការ នីតិវិធី និងស្តង់ដា នៃការផ្តល់សេវាសាធារណៈក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃឱ្យមានភាពសាមញ្ញ ក្រមសីលធម៌វិជ្ជាជីវៈ គណនេយ្យភាព ភាពជឿទុកចិត្ត និងតម្លាភាព។
*យុទ្ធសាស្ត្រទី៦ ផ្តោតទៅលើការធ្វើបរិវត្តកម្មឌីជីថល ដើម្បីពង្រឹង ប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ក្នុងឱកាសនោះដែរ គណ:អធិបតីក៏បានប្រគល់រង្វាន់ជ័យលាភីដល់ឃុំ សង្កាត់ ដែលបានអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពបានល្អ និងទទួលបានប័ណ្ណសសើរ,លិខិតសសើរ,និងថវិកាទៅតាមចំណាត់ថ្នាក់លេខ១,២,៣ នៅតាមបណ្តាក្រុង ស្រុកទាំង១៤ផងដែរ៕