(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជ​បណ្ឌិត្យ​សភាកម្ពុជា បានសម្តែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះសាររបស់លោក សម រង្ស៉ី ប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ។ លោកបានចាត់ទុកសារ​​ប្រឆាំងនឹងគម្រោងព្រែកជីកនេះ គឺជារឿងដ៏ល្ងិតល្ងង់បំផុត។

គម្រោងព្រែកជីកហ្វូណន-តេជោ ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ តភ្ជាប់បណ្តាញ​ដឹក​ជញ្ជូនផ្លូវទឹករវាងទន្លេ និងសមុទ្រកម្ពុជា គឺជាគម្រោងមានគុណប្រយោជន៍​មហា​សាលសម្រាប់ខ្មែរ។ គម្រោងនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅ​ប្រទេស សូម្បីខ្មែរមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា កំពុងរស់នៅក្រៅ​ប្រទេស​ក៏បានគាំទ្រផងដែរ។

ទោះបីយ៉ាងណាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានក្រុមសិក្សា​ស្រាវ​ជ្រាវរបស់​វៀតណាមមួយចំនួន ចេញមកប្រឆាំង និងជំទាស់គម្រោងនេះ ហើយ​ចោទប្រកាន់ថាគម្រោងនេះបម្រើប្រយោជន៍យោធារបស់ចិន។ ដើមឡើយ គេគិតថាមានតែវៀតណាមទេ ដែលប្រឆាំងគម្រោងនេះ ហើយព្យាយាមលាប​ពណ៌​ភ្ជាប់នឹងភូមិសាស្ត្រយោធារបស់ចិន ដើម្បីបន្ទច់​បង្អាក់គម្រោងនេះ ព្រោះវាធ្វើឱ្យ​បាត់​បង់ប្រយោជន៍សេដ្ឋកិច្ចរបស់គេ។

ស្រាប់តែ​នៅ​ព្រឹកព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ គេក៏បានឃើញលោក សម រង្ស៉ី អ្នកនយោបាយប្រឆាំងនៅកម្ពុជា កំពុងរស់នៅប្រទេសបារាំង គេចពី​សំណាញ់ច្បាប់របស់កម្ពុជា ក៏បានចេញមកជំទាស់នឹងគម្រោងនេះផងដែរ។ លោក សម រង្ស៉ី ក៏បានលាបពណ៌គម្រោងនេះ ដូចទៅនឹងអ្នកសិក្សាស្រាវជ្រាវ​របស់វៀតណាមផងដែរ ដោយថាគម្រោងនេះបម្រើឱ្យប្រយោជន៍យោធារបស់​ចិន។

បន្ទាប់ពីឃើញសាររបស់លោក សម រង្ស៉ី, លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់​ថា លោកពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំង។ លោកបានចាត់ទុកសារ​របស់លោក សម រង្ស៉ី គឺជារឿងដ៏ល្ងិតល្ងង់ ហើយក្បត់ទាំងស្រុងទៅនឹង​ផល​ប្រយោជន៍​ជាយុទ្ធសាស្ត្ររបស់ជាតិ។

«ខ្ញុំមិននឹកស្មានថា មកដល់សតវត្សរ៍ទី២១ទៅហើយ ក្នុងនាមជាអ្នកនយោ​បាយ​លេចធ្លោមួយរូបដែរ បែរជាមិនយល់ពីភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍​ជាយុទ្ធសាស្ត្ររបស់ជាតិ»។ លោក គិន ភា បានគូសបញ្ជាក់។

បញ្ញវន្តខ្មែររូបនេះបន្តថា «បើទោះបីជាសារនេះត្រូវសរសេរឡើងដើម្បីបំផ្លិចបំផ្លាញ​គម្រោងអភិវឌ្ឍន៍ជាតិរបស់គណបក្សកាន់អំណាចដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន ឬត្រូវបានប្រើប្រាស់ដោយអ្នកជិតខាង ឬមហាអំណាចណាមួយក៏ដោយ តែការលើកឡើងបែបនេះជាអំពើដ៏ល្ងិតល្ងង់ និងក្បត់ទៅនឹងផលប្រយោជន៍ជាតិ​ទាំង​ស្រុង»

លោកបណ្ឌិត គិន ភា បានរំលឹកថា បរទេសជិតខាងខ្លះធ្លាប់បានប្រើប្រាស់​រួច​ហើយនូវយុទ្ធសាស្ត្រខ្ចីដែកកេះមកដុតកម្ពុជា ហើយកម្ពុជាក៏ធ្លាប់រងគ្រោះដោយ​យុទ្ធសាស្ត្រនេះយ៉ាងធ្ងន់ធ្ងរពីអតីតកាល។ មកដល់ពេលនេះ ខ្មែរគ្រប់រូបល្មមយល់​ហើយពីយុទ្ធសាស្ត្ររបស់បរទេស និងត្រូវឈ្វេងយល់ពីភាពបត់បែន​នៃភូមិសាស្ត្រ​នយោបាយ មិនត្រូវឆោតល្ងង់ឱ្យគេខ្ចីដៃប្រើប្រាស់ ហើយក្បត់នឹងផលប្រយោជន៍​ជាតិខ្លួននោះទេ។

ក្រៅតែពីប្រតិកម្មនឹងសាររបស់ទណ្ឌិត សម រង្ស៉ី ហើយនោះ លោក គិន ភា បានលើកឡើងថា រាជរដ្ឋាភិបាលត្រូវតែជម្នះសាងសង់ព្រែកជីកហ្វូណន-តេជោ នេះឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។ លោក គិន ភា បានគូសរំលេចបែបនេះ «ទោះក្នុងតម្លៃណាក៏ដោយ រាជរដ្ឋាភិបាលត្រូវតែសាងសង់ព្រែកជីកនេះ​ឱ្យបាន​ដើម្បីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិយើង។ ពេលនេះជាងពេលណាៗ​ទាំងអស់ ដែលខ្មែរយើងរួបរួមគ្នាយ៉ាងរឹងមាំជា​មួយរាជរដ្ឋាភិបាល​ជុំវិញគម្រោង​ព្រែកជីកដ៏មានសក្តានុពលនេះ»

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោនេះ មិនត្រឹមតែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ដែលគាំទ្រ ក្នុងនោះប្រទេសឡាវ ដែលជាប្រទេសនៅផ្នែកខាងលើនៃដងទន្លេមេគង្គ ក៏បានគាំទ្រផងដែរ។

លោក ថងលុន ស៊ីសុលីត ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២៣ ខែមេសា កន្លងទៅនេះ បានប្រកាសគាំទ្រពេញទំហឹងទៅលើគម្រោងព្រែកជីកនេះ។

គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​​របស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ គឺជាផល​ប្រយោជន៍​សេដ្ឋ​​​កិច្ចសង្គមសុទ្ធសាធ ដែលជួយឱ្យកម្ពជាទិសនិរតីមាន​ផ្លូវទឹក​ដឹក​ជញ្ជូនទៅកាន់​សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។

សម្តេចតេជោបន្ថែមថា ព្រែកជីកនេះ ជួយឱ្យប្រជាជននៅតាមព្រែកនេះ​មានទឹកប្រើប្រាស់​សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។

សម្តេចតេជោក៏ធ្លាប់បានបញ្ជាក់ផងដែរថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹក​នៃទន្លេមេគង្គ​នោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និង ម្យ៉ាងទៀតមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូល​ក្នុងសមុទ្រនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ន​ាយករដ្ឋមន្ត្រីកម្ពុជា ក៏ធ្លាប់បានអះអាងដែរថា គម្រោងព្រែកជីកនេះ មិនបម្រើដល់ភូមិសាស្ត្រយោធារបស់ចិននោះឡើយ។ បើតាមសម្តេចធិបតី បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេសលើទឹកដីកម្ពុជា ហើយបន្ថែមពីលើនោះ លក្ខណៈបច្ចេកទេសព្រែកជីក ដែលមានជម្រៅទឹកត្រឹម៤ ទៅ៥ម៉ែត្រ មិនអាចឱ្យនាវាទ័ពធ្វើចរាចរណ៍បាននោះឡើយ៕