(សៀមរាប)៖ «ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន» ជាទីតាំងប្រវត្តិសាស្ត្រដ៏មានសារសំខាន់មួយ ដែលបានរក្សាទុកនូវសំណង់ប្រវត្តិសាស្ត្រច្រើនប្រភេទមានដូចជា៖ សំណង់ប្រាសាទបុរាណ និងស្ថានីយ៍បុរាណជាច្រើនកន្លែង រួមទាំមានសហគមន៍មនុស្ស។ ហេតុនេះតំបន់ភ្នំគូលែន បានក្លាយជាប្រធានបទដ៏សំខាន់ សម្រាប់អ្នកសិក្សាស្រាវជ្រាវ ទាំងឡាយ ចាប់តាំងពីចុងសតវត្សទី១៩រហូតមកដល់បច្ចុប្បន្ន ដោយសារសំណង់ប្រាសាទបុរាណ វត្ថុសិល្បៈ សិលា ចារឹក ព្រៃឈើ និងប្រព័ន្ធផ្លូវទឹកធម្មជាតិផងដែរ។

ភ្នំគូលែន មានឈ្មោះជាផ្លូវការ «ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន» ភ្ញៀវទេសចរភាគច្រើនដែលមកទស្សនាខេត្តសៀមរាប កម្រនឹងរំលងរមណីយដ្ឋានទេសចរណ៍មួយនេះណាស់។ លើសពីនេះទៅទៀតភ្នំគូលែន មានឈ្មោះដើមថា មហិន្ទ្រព័ត ជាទីតាំងសក្ការមួយដែលមានភាពល្បីល្បាយផ្នែកវប្បធម៌ប្រវត្តិសាស្ត្រ និងជាអតីតរាជធានីដំបូងគេនៃអាណាចក្រអង្គរ ដែលតំណាងឱ្យសន្តិភាព និងការបង្រួបបង្រួមជាតិ បន្ទាប់ពីអាណាចក្រខ្មែរ បានចាក់ផុតពីការគ្រប់គ្រងរបស់ពួកជ្វា។

រហូតមកបច្ចុប្បន្ននេះ អតីតរាជធានីនៃអាណាចក្រខ្មែរ ដ៏រុងរឿងមួយនេះត្រូវបានគេស្គាល់ថាជាតំបន់ទេសចរណ៍ដែលមានសក្តានុពលខ្លាំងទៅលើធនធានធម្មជាតិ ជាពិសេសប្រាង្គប្រាសាទបុរាណ ទឹកធ្លាក់ ព្រមទាំងមានតំបន់ទេសភាពប្លែកៗជាច្រើនទៀត។

ដោយឡែកក្នុងចំណោមទីតាំងទេសចរណ៍នៅលើភ្នំគូលែន «ស្រះដំរី» ជាទីតាំងទេសចរណ៍មួយស្ថិតនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប អ្នកទេសចរអាចធ្វើដំណើរតាមម៉ូតូកាត់តាមភូមិថ្មី វត្តព្រះក្រាល រួចបន្តដំណើរទៅមុខប្រមាណ ៣គីឡូម៉ែត្រ មានស្ពានមួយទៅមុខបន្តិចដល់ល្អាងប្រប្រចៀវ បន្ទាប់មកមានផ្លូវម៉ូតូមួយទៅខាងឆ្វេងដៃប្រមាណ៣០០ម៉ែត្រ នឹងទៅដល់ «ស្រះដំរី»។

ស្រះដំរី​ ជា​ឈ្មោះ​ដែល​ប្រជាជន​ហៅ ដោយ​មាន​រូប​ដំរី​ធំ​មួយ​ និង​នៅ​ពី​មុខ​នោះ​មាន​ស្រះ​ទឹក​មួយ។ ស្រះ​ដំរី​មាន​សំណង់​ជា​ច្រើន​គួរឱ្យចាប់​អារម្មណ៍ និង​មាន​ទេសភាព​គួរឱ្យគយគន់។ អ្នក​ទេសចរ​អាច​សម្រាក​លំហែ​នៅ​ទីនោះ​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​ និង​គយគន់​ទេសភាព​ពី​លើ​ទី​ខ្ពស់។ ប៉ុន្តែ ផ្លូវលំបាកដ៏លាយឡំនឹងផ្ទាំងសិលានៃវាលព្រះក្រាលកណ្ដាលព្រឹក្សា សឹងថាបើកទៅពុំដល់ថ្កល់ប៉ះម្ដងៗសឹងបុកពោះ ព្រោះថាផ្លូវដែលយើងបរជាផ្លូវថ្មើរជើងឡើងភ្នំសុទ្ធសាធ។

ទីនេះស្រស់ស្អាតហួសពីការស្មាន មានរូបសំណាកស្ដេចដំរីដែលមានអក្សរបុរាណចារឹកថា «ឥន្រ្ទតបតិសិហ» មានស្ដេចកង្កែប ស្ដេចតោ ២ និងព្រះគោ ហើយនៅខាងមុខរូបសំណាកដែលឆ្លាក់ពីថ្មភ្នំធម្មជាតិទាំងនេះ ក៏នៅមានស្រះទឹកមួយទៀត។ ស្រះនេះហើយដែលគេហៅថាជា «ស្រះដំរី»។

ទាក់ទងនឹងរូបស្ដេចកង្កែបនេះធ្វើយើងនឹកដល់រឿងនិទានមួយដំណាលថា៖ «កាលពីព្រេងនោះ កើតគ្រោះរាំងស្ងួតហួតហែងពេញព្រះនគរ លើកលែងតែព្រៃមួយដែលមានស្រះទឹក មានពណ៌ខៀវស្រងាត់។ ទើបព្រះមហាក្សត្រចាត់ឱ្យគេមកលបមើលឱ្យយល់ហេតុ ក៏ឃើញថាមានសត្វកង្កែបដ៏ធំមួយលើសអស់សត្វទាំងពួងកំពុងក្រាបនៅទីនោះ ។ ព្រះអង្គ និង ក្រុមរាជសេវកា​មាត្យ​បានរៀបផែនការ នឹងចាប់សត្វកង្កែបយក្សនោះឱ្យខានតែបាន ដើម្បីនាំទឹកភ្លៀង និងភាពត្រជាក់ត្រជុំសម្រាប់ព្រះនគរ។

យោងតាមសិលាចារឹកស្ដុកកក់ធំ ចារឹកក្នុងឆ្នាំ១០៥១ ដោយគ្រួសារមន្រ្តីជាន់ខ្ពស់មួយដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះបាទជ័យវរ្ម័នទី ២ និង ព្រះរាជវង្សានុវង្សក្រោយៗមកទៀតបានឱ្យដឹងថា៖ «កាលអំពីឆ្នាំ៨០២ ធូលីព្រះបាទ ព្រះកម្រតេងអញស្រីជ័យវម៌្មទេវ ព្រះបរមេស្វរៈ (ព្រះបាទជ័យវរ្ម័នទី២) ព្រះអង្គបានធ្វើពិធីបូជាវត្ថុសក្ដិសិទ្ធិប្រចាំព្រះនគរ «ព្រះគម្តែងជគត ត រាជ» (ព្រះសិវលិង្គ?) តាមបែបព្រហ្មញ្ញសាសនា ដើម្បីរំដោះព្រះរាជាណាចក្រទ្រង់ឱ្យរួចពីអំណាចជ្វា ហើយអំណះ ត ទៅ ព្រះអង្គនឹងក្លាយជាព្រះរាជាធិរាជនៃចក្រភពកម្ពុជទេស ដែលមានរាជធានីនៅមហេន្រ្ទបព៌ត»

សូមជម្រាបថា តាមរយៈប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលការងារនេះឆ្លុះបញ្ចាំងទៅនឹង «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ មុំទី២ ចំណុចទី៤ និង៥ គឺ «ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ» ដោយបានប្រកាសកំណត់យកឧទ្យានជាតិ «ភ្នំគូលែន» ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ធម្មជាតិ។

បច្ចុប្បន្ននេះ ឧទ្យានជាតិ«ភ្នំគូលែន» មានផ្ទៃដីទំហំ ៦២ ៨៨៣ហិកតា តាមអនុក្រឹត្យលេខ១៨៨ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែប្រែឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ស្ថិតនៅក្នុងស្រុកចំនួន៥ ឃុំចំនួន១៤ និងភូមិចំនួន៤៥ រួមមានដូចតទៅស្រុកស្វាយលើ (៤ឃុំ និង២០ភូមិ) ស្រុកបន្ទាយស្រី (៣ឃុំ និង១៤ភូមិ) ស្រុកវ៉ារិន (៣ឃុំ និង៧ ភូមិ ) ស្រុកសូទ្រនិគម (៣ឃុំ និង៣ភូមិ) និងស្រុកអង្គជុំ (១ឃុំ និង១ភូមិ)។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមន្រ្តីជំនាញក្រសួងបរិស្ថាន បានរៀបចំកម្មវិធីចុះសិក្សាស្វែងយល់ព័ត៌មាន ជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍របៀងគោលដៅលំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។

អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋានគ្រឹះនៃ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ និងការចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំកំណត់យកឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ជាគោលដៅទេសចរណ៍ធម្មជាតិ។

ការរៀបចំគោលដៅលំហែបៃតង សំដៅលើតំបន់សក្តានុពលទេសចរណ៍ធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ដែលត្រូវបានសិក្សា ដោយរក្សាបាននូវគោលការណ៍ចំនួន៣ គឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីធានាបានការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយនិរន្តភាព ការរក្សា និងបង្កើនគម្របព្រៃឈើជាអតិបរិមា និងឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រិត្យកាបូននៅឆ្នាំ២០៥០។

នៅក្នុងឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានទឹកជ្រោះ ប្រាសាទបុរាណ បុរាណស្ថាន និងពើងធម្មជាតិ ដែលមានភាពទាក់ទាញទេចរមកកម្សាន្ត សរុបចំនួន៨៥កន្លែង ព្រមទាំងមានប្រជាពលរដ្ឋរស់សរុបចំនួន ១,២៤៦គ្រួសារ ប្រជាជនសរុបចំនួន ៥,០៣៦នាក់ ក្នុងនោះស្រ្តី ២,៤៤៦នាក់ ស្ថិតក្នុងឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប មានប្រជាពលរដ្ឋ។

ជាមួយគ្នានោះនៅ «ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន» ក្រសួងបរិស្ថានបានរៀបចំជាសហគមន៍តំបន់ការពារធម្មជាតិសរុបចំនួន៥ រួមមានទី១៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ទី២៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេល ទី៣៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំក្តួច ទី៤៖ សហគមន៍តំបន់ការពារធម្មជាតិព្រៃភ្នំម្នាស់ និងទី៥៖ សហគមន៍តំបន់ការពារធម្មជាតិជប់តាសុខ»។

រាជធានីបុរាណលើខ្នងភ្នំគូលែននេះ អាចថាធំប៉ុនរាជធានីភ្នំពេញយើងសព្វថ្ងៃ។ បើយោងតាមសៀវភៅឯកសាររបស់ក្រសួងបរិស្ថានបានឱ្យដឹងថា នៅលើភ្នំគូលែន មាន ៧១ប្រាសាទ ៥៦ពើង និងបុរាណស្ថាននានាចំនួន២៨ផ្សេងទៀត សរុបទាំងអស់ចំនួន ១៥៥កន្លែង៕