(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅទីស្ដីការក្រសួង ដោយឡែកប្រធានមន្ទីរ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting) សរុបរួម៥០៩នាក់។

លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ បានអានព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែងថ្នាក់ដឹកនាំថ្មីចំនួន៣រូប ដែលត្រូវចូលរួមបំពេញបេសកកម្មជូនរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋនៅតំបន់ជនបទ។

ក្នុងឱកាសនោះ លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការអបអរសាទរ និងស្វាគមន៍ចំពោះថ្នាក់ដឹកនាំថ្មី ព្រមទាំងបានស្នើដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ជាពិសេសនៅខណៈដែលពួកគាត់កំពុងប្រឈមនឹងការខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងនេះ ក្នុងនោះថ្នាក់ដឹកនាំ និងមន្ទីរអភិវឌ្ឍន៍ជនបទទាំង២៥រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្តីណែនាំស្តីពីវិធានការ និងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ជាពិសេសនាយកដ្ឋានជំនាញត្រូវគិតគូររៀបចំដាក់ចេញនូវសេចក្ដីណែនាំខ្លីៗពាក់ព័ន្ធនឹងការថែទាំ និងការប្រើប្រាស់អណ្ដូងឱ្យមានប្រសិទ្ធភាព និងនិរន្ដរភាព។

លោករដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំ​ស្តីអំពីការបញ្ចប់ការវិភាគមុខងាររបស់ក្រសួង​ នាពេលខាងមុខ ដើម្បីធានាដល់ការបំពេញតួនាទី ភារកិច្ចបម្រើជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព តាមរយៈការចាត់តាំងមន្ដ្រីឱ្យត្រូវតាមជំនាញ និងមានចំនួនគ្រប់គ្រាន់។

លើសពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងនឹងបញ្ចប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥- ២០៣៥ នៅក្នុងឆ្នាំ២០២៤នេះ ដើម្បីជាការចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕