(ភ្នំពេញ)៖ ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បានផ្ដាំទៅក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គួរតែងាកមករៀនសូត្រ ពីការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងជាប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្ដីនៃកម្ពុជាវិញ អំពីគុណតម្លៃនៃការដឹកនាំ និងការលះបង់គ្រប់បែបយ៉ាងដើម្បីតែស្វែងរកសុខ សន្ដិភាព ស្ថិរភាពនយោបាយមកជូនជាតិ មាតុភូមិ កម្ពុជា រហូតធ្វើឱ្យមានការអភិវឌ្ឍ រីកចម្រើនមកទល់សព្វថ្ងៃនេះ។

លោក ហេង សំណាង បានចេញមុខលើកឡើងបែបនេះ បន្ទាប់ពីមានការចុះផ្សាយ ក៏ដូចជាការលើកឡើងទាំងងឹតងងុលរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេសមួយក្ដាប់តូច នៅតែធ្វើសកម្មភាពចោទប្រកាន់ដោយគ្មានមូលដ្ឋានទាក់ទងនឹងករណីព្រែកជីកហ្វូណន-តេជោ ទៅនឹងភូមិសាស្រ្ដនយោបាយជាមួយប្រទេសចិន។

លោកបានលើកឡើងថា ការចោទប្រកាន់ទាំងគ្មានមូលដ្ឋានរបស់ក្រុមប្រឆាំងជ្រុលនិយភ្លេចជាតិកំណើតខ្លួនទាំងនោះ គឺផ្ទុយពីការពិត ខណៈដែលគម្រោងសាងកសាងព្រែកជីកហ្វូណន-តេជោនេះ គឺធ្វើឡើងដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋកម្ពុជាតែប៉ុណ្ណោះ ពោលជួយឱ្យកម្ពជាមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គ។

លោក ហេង សំណាង បានថ្លែងថា បើនិយាយអំពីសន្តិភាព និងការអភិវឌ្ឍ គឺគេតែងនឹងដល់ការលះបង់ និងតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ជាង៤០ឆ្នាំមកនេះ។ សម្តេចតេជោ បានចូលរួមក្នុងបុព្វហេតុការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនខ្មែរ ហើយការលះបង់របស់សម្ដេចតេជោ គឺជាគំរូសម្រាប់យុវជនជំនាន់ក្រោយបន្តរៀនសូត្រ។

លោកបានគូសបញ្ជាក់ថា៖ «បើយើងធៀបកម្ពុជាមុន នឹងមានថ្ងៃនេះ គឺបានឆ្លងកាត់ភាពលំបាកច្រើនស្ទើរតែបាត់បង់ប្រទេស បើគ្មានការដឹកនាំប្រទេសដ៏ប៉ិនប្រសប់របស់សម្តេចតេជោទេនោះ ម្ល៉េះកម្ពុជាអាចនឹងបន្តជោគជាំដោយភ្លើងសង្គ្រាម គ្មានថ្ងៃផ្សះផ្សា និងសមាហរណកម្មបាននោះឡើយ»

លោកចាត់ទុកការឆ្លើយតបនេះ គឺជាសារមួយសម្រាប់ជនអគតិ ពិសេសក្រុមទណ្ឌិតភៀងខ្លួនក្រៅប្រទេស ឬក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូច គួរតែរៀនសូត្រ និងយល់ពីតម្លៃសន្តិភាព ជាជាងអង្គុយរិះរកមធ្យោបាយ បង្អាក់ ឬចង់បំផ្លាញសន្តិភាពនៅកម្ពុជា ពិសេសបញ្ឈប់នូវវប្បធម៌លាបពណ៌មកលើកម្ពុជា និងកុំយកគម្រោងព្រែកជីកហ្វូណនតេជោ ធ្វើជារឿងនយោបាយរួចវាយប្រហារមកលើរាជរដ្ឋាភិបាល។

លោក សង្កត់ធ្ងន់ថា វត្តមានដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក ក៏ដូចជាការខិតខំប្រឹងប្រែងឥតឈប់ឈរទាំងយប់ទាំងថ្ងៃ គឺបានកែប្រែមុខមាត់កម្ពុជាជាប្រវត្តិសាស្ត្រងើបមុខលើឆាកអន្តរជាតិ ដែលបង្ហាញពីភាពរីកចម្រើនលើគ្រប់វិស័យ រក្សាបានសុខសន្តិភាព ឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដីយ៉ាងពេញលេញ។

លោក ហេង សំណាង លើកឡងថា បច្ចុប្បន្នប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន មានក្ដីសង្ឃឹមយ៉ាងមុតមាំចំពោះវត្តមានរបស់សម្តេចតេជោ ក្នុងតំណែងជាប្រធានព្រឹទ្ធសភា នីតិកាលទី៥ គឺពិតជាបានជួយសម្រួលឱ្យដំណើរការកំណែទម្រង់នានា ពង្រឹងរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាពិសេសការកែទម្រង់ច្បាប់ ដើម្បីជំរុញកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់ និងជឿនលឿនលើគ្រប់វិស័យ ហើយសម្តេចនឹងបន្តដឹកនាំស្ថាប័ននីតិប្បញ្ញត្តិជាន់ខ្ពស់របស់ជាតិមួយនេះ ដើម្បីចូលរួមកាន់ចង្កូតនាវាកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សលើមាគ៌ាសន្តិភាព និងការអភិវឌ្ឍជាដរាប៕