(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅសិល្បករ សិល្បការិនី ចៀសវាងការប្រឌិត និងការសម្តែងលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា។

សម្តេចធិបតី ក៏បានថ្លែងស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើការណែនាំកែលម្អ ចំពោះកំហុសឆ្គងនានា ព្រមទាំង តម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះពាល់ ជាយថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ សិល្បករ និងសិល្បការិនី នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល ការចែករំលែកព័ត៌មានក្នុងសង្គមកាន់តែលឿន និងពិបាកទប់ស្កាត់។ ដើម្បីចូលរួមដល់ភាពរឹងមាំនៃសង្គមយើង ខ្ញុំសូមរំលឹកដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ត្រូវមាន ការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងឱ្យបាននូវការប្រឌិត និងការសម្តែងទាំងឡាយដែលមានលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សិល្បករ សិល្បការិនីខ្មែរ តាមរយៈស្នាដៃ និងទេព​កោ​សល្យ​របស់ខ្លួន បានក្លាយជាស្ពាននាំកម្ពុជាទៅកាន់ពិភពលោក ដោយរួមទាំងការចែករំលែក​បទពិសោធន៍ និងចំណេះដឹង នៃប្រវត្តិសាស្ត្រជាតិកម្ពុជា ទាំងការតស៊ូ ទាំងការឈឺចាប់ ហើយក៏ជាកាតាលីករនៃការជំរុញការផ្លាស់ប្តូរវប្បធម៌ និងការគោរពគ្ន ទៅវិញទៅមក។

បើតាមការថ្លែងរបស់សម្តេចធិបតី សិល្បៈករសិល្បៈការិនី ជាតួអង្គ ដែលមានឥទ្ធិពលលើមជ្ឈដ្ឋាននានា ជាពិសេសឧបករណ៍ផ្សព្វផ្សាយតាមរយៈការសម្តែងដោយផ្ទាល់ ឬមិនផ្ទាល់ ការរក្សាបាននូវសិល្បៈវប្បធម៌ជាតិ និងតម្លៃផ្ទាល់ខ្លួនរបស់សិល្បករ សិល្បការិនី គឺអាស្រ័យលើសេចក្តីសម្រេចផ្ទាល់ខ្លួន ដែលការសម្រេចចិត្តបានត្រឹមត្រូវ នឹងទទួលបានការគាំទ្រពីសាធារណជន រីឯការសម្រេចចិត្តមិនត្រឹមត្រូវ នឹងទទួលបានសម្ពាធពីសង្គម។ ដូច្នេះ មុននឹងជ្រើសរើសយកនូវសកម្មភាពណាមួយ សិល្បករសិល្បការិនីទាំងអស់ ត្រូវប្រកាន់ខ្ជាប់ នូវគោលការណ៍សីលធម៌ គុណធម៌ សច្ចធម៌ ទាំងសំណេរ ទាំងការប្រើប្រាស់កាយវិការ សកម្មភាព ឥរិយាបទ ការស្លៀកពាក់ដោយរក្សាឱ្យបាននូវភាពថ្លៃថ្នូរនូវការចូលរួមលើកកម្ពស់ សីលធម៌ក្នុងសង្គម ដែលចូលរួមពង្រឹងនូវអត្តសញ្ញាណ និងកិត្យានុភាពជាតិ។

សម្តេចធិបតី យល់ថា ការបង្កើតយុទ្ធសាស្ត្រទាញចំណាប់អារម្មណ៍ពីសាធារណជន គួរតែមានការថ្លឹងថ្លែង និងពិចារណាជាមុន ពីផលប៉ះពាល់ដល់ប្រពៃណី វប្បធម៌ និងសីលធម៌សង្គម ដោយពុំគួរប្រើប្រាស់ជំហរអត្តនោម័ត ឬជំហរចង់ល្បីភ្លាមៗ ដោយអាចប៉ះពាល់ដល់បុគ្គលផង ដល់តម្លៃជាតិផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានថ្លែងលើកទឹកចិត្តដល់ សិល្បករ សិល្បការិនី គ្រប់ទម្រង់ចូលរួមចងក្រងជាសមាគម ឬចូលជាសមាជិក សមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា ក្នុងភាពជាបងប្អូន ដោយចេះជួយគ្នាទៅវិញទៅមក ស្របតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតាយើង។

សម្តេចធិបតី ក៏ស្នើដល់គ្រប់សិល្បករ សិល្បការិនីទាំងអស់ ផ្តោតអារម្មណ៍ឱ្យកាន់តែខ្លាំងទៅលើទ្រឹស្ដី «ចង្កឹះមួយបាច់» ដើម្បីពង្រឹងសាមគ្គីភាព និងភាពរឹងមាំ ព្រមទាំងដើម្បីពង្រឹងគោលដៅរួម និងជោគជ័យរួម៕