(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឧបត្ថម្ភដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងទៅនេះ ដោយក្នុង១ខេត្តទទួលថវិកាចំនួន២០០លានរៀល និងភេសជ្ជៈ១ពាន់កេស។

ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ហើយទទួលបានការកោតសរសើរពីសម្តេចធិបតី ហ៊ុន ម៉ាណែតនោះ រួមមានខេត្តត្បូងឃ្មុំ ព្រៃវែង កោះកុង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរីផងដែរ។

ការប្រកាសឧបត្ថម្ភរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។

ការផ្តល់រង្វាន់នេះជាការឆ្លើយតបចំពោះការសន្យារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្ត​មណី​រតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ដោយសម្តេចធិបតី បានប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕