(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបាន​ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន២កូនថង់កិប,​ គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន២គ្រាប់,​ កញ្ឆាក្រៀម ចំនួន១ថង់កិប, ទូរស័ព្ទ ចំនួន៤គ្រឿង,​ ខ្សែកលោហធាតុពណ៌លឿងលាយស ប្រវែង៤៦ស.ម ចំនួន១ខ្សែ មានបណ្តោងរូបព្រះ,​ ខ្សែដៃលោធាតុពណ៌ស ចំនួន២ខ្សែ, ក្រវិលលោហធាតុពណ៌លឿង ចំនួន១គូ,​ នាឡិកាដៃ ម៉ាក Panerai ខ្សែពណ៌ខ្មៅ ចំនួន១ខ្សែ,​ ប្រាក់បាត ចំនួន៧,០០០បាត រួមនឹងវត្ថុតាងមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បាន្យដឹងថា ជនសង្ស័យទាំង៣នាក់នោះ ទី១៖ឈ្មោះ សាក់ស៊ើម ហ្វាក់ណយ អាយុ៤៤ឆ្នាំ ជនជាតិថៃ, ទី២៖ឈ្មោះ វ៉ាក់រីតសារ៉ា ទីថាក់វីន ហៅប៉ែន ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិថៃ និងទី៣៖ឈ្មោះ ព្រេមវីត លីនឆាឡាប អាយុ៣៥ឆ្នាំ ជនជាតិថៃ។ ជនសង្ស័យទាំង៣នាក់ ​ស្នាក់នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត​។ បន្ទាប់មកកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង​ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន​ និងសួរនាំរួច​ ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមកទុក សម្រាប់ប្រើប្រាស់ពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​ បានឲ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃសុក្រ ទី២៦​ ខែមេសា ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕