(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់ឧកញ៉ា អ្នកឧកញ៉ា និងសប្បុរសជននានាដែលបានចូលរួមជួយប្រជាពលរដ្ឋដែលជួបការលំបាក ពិសេសគឺបានជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជារឿយៗ កន្លងមក ពីព្រោះតម្រូវការនៅមន្ទីរពេទ្យគន្ធបុប្ផាគឺធំធេងណាស់ ដើម្បីជួយដល់កុមារ ដែលត្រូវការអ្នកចូលរួមបរិច្ចាគថវិកាជួយបន្តទៀត។

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយនៅពេលឃើញឧកញ៉ា និងអ្នកឧកញ៉ាចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ និងសម្ដេចម៉ែ ហើយថ្វាយថវិកាដើម្បីទ្រង់បំពេញព្រះរាជសកម្មភាពមនុស្សធម៌ ជួយដល់ប្រជារាស្ត្រដែលជួបការលំបាក។

សម្ដេចបានបន្តថា នៅថ្ងៃទី១ ខែឧសភា សម្ដេចតេជោអញ្ជើញចូលរួមជាកិត្តិយស និងតួនាទីជាគ្រូបង្វឹកក្នុងការប្រកួតបាល់ទាត់សាមគ្គីភាព ដើម្បីសប្បុរសធម៌ និងការប្រឆាំងគ្រឿងញៀន ហើយក៏ជាការរៃអង្គាសសម្រាប់ជួយដល់ មន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់។

សម្ដេចតេជោថា អ្នកឧកញ៉ា លាង ឃុន បានហៅទូរសព្ទទៅសម្ដេចមុនគេ ដើម្បីស្ម័គ្រចិត្តចូលរួមថវិកាសប្បុរសធម៌ចំនួន១០ម៉ឺនដុល្លារ ក្រៅពីនេះអ្នកឧកញ៉ា ឃុន សៀ ចូល១០ម៉ឺនដុល្លារ និងអ្នកឧកញ៉ា គិត ម៉េង ចូល១០ម៉ឺនដុល្លារដែរ ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

សម្ដេចតេជោថ្លែងយ៉ាងដូច្នេះថា «តម្រូវការនៃមន្ទីរពេទ្យគន្ធបុប្ផា គឺធំធេងសម្រាប់កុមារកម្ពុជា អ្នកដែលមានលទ្ធភាពចូលតាមលទ្ធភាព»

សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរថា ទង្វើទាំងនេះគឺជាសិល្បៈនៃការចែករំលែកជួយដល់ប្រជាជនដែលជួបការលំបាក ទាំងការជួយផ្ទាល់ ជួយតាមរយៈរាជរដ្ឋាភិបាល តាមរយៈកាកបាទក្រហម និងតាមរយៈព្រះមហាក្សត្រនិងសម្ដេចម៉ែជាដើម គឺជួយធ្វើបានច្រើនណាស់កន្លងមក៕