(ពោធិ៍សាត់)៖ អនុគណៈកម្មាការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំង១០ក្រុម ដែលបានចុះប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំ យ៉ាងក្តៅគគុក នៅក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង រយៈពេលជាង១ខែកន្លងមកនេះ ត្រូវបានបង្រួមមកត្រឹម៦ក្រុម ដែលចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ដើម្បីបន្តកិច្ចការងារបង្ក្រាបបទល្មើសទាំងអស់នោះ ឱ្យមានប្រសិទ្ធភាពក្លាំងក្លាបន្ថែមទៀត។

ថ្លែងក្នុងឱកាសដឹកនាំកិច្ចប្រជុំ គណៈកម្មការថ្នាក់ខេត្ត ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត, លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាប្រធានក្រុមការងារដឹកនាំរួម បានឱ្យដឹងថា គោលបំណងសំខាន់ នៃការកែសម្រួលសមាសភាព និងបង្រួមក្រុមនាពេលនេះ គឺដើម្បីធ្វើយ៉ាងណាឱ្យមានការទទួលខុសត្រូវកាន់តែច្បាស់លាស់ តាមភូមិសាស្ត្រនីមួយៗ រួមជាមួយនឹងការថ្លឹងថ្លែង ឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការគ្រប់គ្រងទីតាំងដីដែលបានឃ្លុំទុក និងបន្តបង្ក្រាបសម្រាប់ទីតាំងផ្សេងៗទៀត ធ្វើយ៉ាងណារក្សាឱ្យបាននូវទិដ្ឋភាពច្បាប់ និងទិដ្ឋភាពនយោបាយ។

លោកបានបញ្ជាក់ជូនថា ស្របសេចក្តីសម្រេចលេខ០៤៧/២៤ ស.ស.រ ខពស ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ត្រូវបានកែសម្រួលសមាសភាពអនុគណៈកម្មការ និងក្រុមលេខាធិការ ចំណុះឱ្យគណៈកម្មការថ្នាក់ខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកភ្នំក្រវាញ និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ រួមមាន៖

*អនុគណៈកម្មការ ទី១៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ជាប្រធានដឹកនាំរួម ទទួលបន្ទុកឃុំអូរសោម
*អនុគណៈកម្មការ ទី២៖ លោក លឹម សុខតូ អភិបាលរងខេត្ត ជាប្រធានដឹកនាំរួម ទទួលបន្ទុកឃុំក្រពើពីរ
*អនុគណៈកម្មការ ទី៣៖ លោក រុន សារី អភិបាលរងខេត្ត ជាប្រធានដឹកនាំរួម ទទួលបន្ទុកឃុំប្រម៉ោយ
*អនុគណៈកម្មការ ទី៤៖ លោក ងួន ប៉ោសេង អភិបាលរងខេត្ត ជាប្រធានដឹកនាំរួម ទទួលបន្ទុកឃុំថ្មដា
*អនុគណៈកម្មការ ទី៥៖ លោក គិត សុផា អភិបាលរងខេត្ត ជាប្រធានដឹកនាំរួម ទទួលបន្ទុកឃុំអន្លង់រាប
*អនុគណៈកម្មការ ទី៦៖ លោក ហៀម ឃួន អភិបាលរងខេត្ត ជាប្រធានដឹកនាំរួម ទទួលបន្ទុកស្រុកភ្នំក្រវាញ និងភូមិម៉ុងរី ភូមិត្រពងពង្ស ឃុំប្រម៉ោយ ស្រុកវាលវែង។
*ក្រុមលេខាធិការ នៃគណៈកម្មការថ្នាក់ខេត្ត៖ លោក ណារ៉ា ចំរើន នាយរដ្ឋបាលសាលាខេត្ត ជាប្រធាន។

លោកសូមអនុគណៈកម្មការទាំង៦ក្រុម ធ្វើយ៉ាងណារក្សាស្មារតីកិច្ចសហការ ក្នុងការអនុវត្តការងារ ប្រកបដោយភាពឆ្លៀសវៃ ភាពច្នៃប្រឌិតខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែង។ ជាមួយគ្នានោះ គ្រប់អនុគណៈកម្មការទាំងអស់ ត្រូវរាយការណ៍ និងសុំគោលការណ៍ជាបន្ទាន់ មកគណៈកម្មការខេត្ត រាល់ពេលអនុវត្តជួបនូវបញ្ហាប្រឈម។

លោកអភិបាលខេត្ត សូមប្រគល់កិច្ចការនេះ ដល់អនុគណៈកម្មការទាំង៦ក្រុម ត្រូវចាប់ផ្តើមចុះអនុវត្តតាមគោលដៅនីមួយៗ ចាប់ពីថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤តទៅ និងត្រូវអនុវត្តកិច្ចការឱ្យបានហ្មត់ចត់ ស្របតាមបច្ចេកទេស ច្បាប់ និងនយោបាយ។ ជាមួយគ្នានោះ ត្រូវកំណត់អត្តសញ្ញាណអ្នកចំណូលស្រុក និងត្រូវញែកឱ្យដាច់ចំពោះប្រជាជនក្នុងមូលដ្ឋាន ដើម្បីពិនិត្យលទ្ធភាពបន្តទៀត។ ត្រូវរៀបចំរបាយការណ៍ជាប្រចាំ មកលេខាធិការដ្ឋានខេត្ត ដើម្បីបូកសរុប និងរាយការណ៍បន្តជូនថ្នាក់ជាតិ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល។ គ្រប់អនុគណៈកម្មការ ត្រូវប្រើប្រាស់Drone ដើម្បីពិនិត្យតាមទីតាំងនីមួយៗ រួចឈានទៅបង្រ្កាបឱ្យចំគោលដៅ និងត្រូវបែងចែកកម្លាំងយាមល្បាតឱ្យបានត្រឹមត្រូវ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ព្រមទាំងធ្វើយ៉ាងណារក្សាឱ្យបាននូវអនាម័យ បរិស្ថាន ហូបស្អាត ផឹកស្អាតផងដែរ៕