(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន លោក Jiang Zengwei បានស្នើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា រក្សាឲ្យបាននូវស្ថេរភាព សន្តិសុខ និងការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន។ លោក Jiang Zengwei ថ្លែងថា ប្រ សិនបើកកម្ពុជា អាចរក្សាបាននូវស្ថេរភាព សន្តិសុខ និងការរីកចម្រើន អ្នកវិនិយោគរបស់ចិន នឹងមកបណ្តាក់ទុនវិនិយោគ ក៏ដូចជារកស៊ីនៅកម្ពុជាកាន់តែច្រើនថែមទៀត។

សំណើរបស់លោក Jiang Zengwei បានធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្នុងពេលដែលរូបលោក ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតិឲ្យដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិនចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារ។

លោក Jiang Zengwei បានជំរាបសម្តេចតេជោ ហ៊ុន សែន ថា បច្ចុប្បន្នក្រុមហ៊ុន និងសហគ្រាសចិន បានចាប់អារម្មណ៍ ខ្លាំងចំពោះការបន្តាក់ទុនវិនិយោគនៅកម្ពុជា ហើយកន្លងមកកម្ពុជា ក៏មានតំបន់សេដ្ឋកិច្ចពិសេសជាច្រើនដូចជានៅក្រុង ព្រះសីហនុ មានក្រុមហ៊ុនចិន បានទៅបើកក្រុមហ៊ុននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះ។

សម្តេចតេជោ ហ៊ុន សែន បានលើបង្ហាញលោក Jiang Zengwei ក៏ដូចជាគណៈប្រតិភូចិន អំពីសក្តានុពល ការរីកចម្រើន សន្តិសុខ និងស្ថេរភាពនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន រួមជាមួយលក្ខខណ្ឌអាទិភាពលើការវិនិយោគជាច្រើនទៀត ដែលជាអំណោយផលដ៏ល្អសម្រាប់ការវិនិយោគ។ សម្តេចតេជោ បានបន្តថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ច ៧,៧% ហើយអ្វីដែលជាសក្កានុពលធំនោះ ដោយសារទីផ្សារនិងមូលដ្ឋានសេដ្ឋកិច្ច របស់កម្ពុជា មានការបើកចំហ ធ្វើឲ្យវិនិយោគិនចិន បានមកបណ្តាក់ទុនជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និងចិន បានឈានដល់កម្រិតខ្ពស់លើគ្រប់វិស័យ ហើយដំណើររបស់សម្តេចទៅចូលរួមពិធីតាំងពិព័រណ៍ពាណិជ្ជកម្មអាស៊ាន-ចិន នៅទីក្រុងណានីងនាថ្ងៃទី១០ ខែកញ្ញា ខែ២០១៦ស្អែកនេះ គឺជាការបង្ហាញឲ្យឃើញពីទំនាក់ទំនងកាន់តែរឹងម៉ាំ។ នេះក៏ជាលើកទី៩ ហើយសម្រាប់ពិធីតាំងពិព័រណ៍ នៅក្នុងប្រទេសចិន ដែលសម្តេច អញ្ជើញចូលរួម។

ក្នុងជំនួបនោះសម្តេចតេជោ បានរំលឹកដែរថា ក្នុងឆ្នាំ២០១៦នេះ សម្តេច បានជួបពិភាក្សាការដោយផ្ទាល់ជាមួយ នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង ចំនួន ៣ដងរួចមកហើយ ដែលបង្ហាញអំពីទំនាក់ទំនងក្នុងកម្រិត កំពូលទាំងវិស័យ នយោបាយ និងសេដ្ឋកិច្ច។

សម្តេចតេជោ បានបញ្ជាក់ក្នុងជំនួបពិភាក្សាការងារនៅប្រទេសឡាវនាពេលថ្មីៗ សម្តេចក៏បានជំរុញឲ្យវិស័យឯកជន របស់កម្ពុជា និងវិស័យឯកជនរបស់ចិន សហការគ្នាជំរុញវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យមានការរីកចម្រើនកាន់តែ ខ្លាំងថែមទៀត។ សម្តេចតេជោ ក៏បានគូសបញ្ជាក់អំពីវិស័យអាទិភាព ៤យ៉ាងសម្រាប់ការអភិវឌ្ឍនៅកម្ពុជា ដែលរួមមាន៖ ធនធានមនុស្ស ផ្លូវ ទឹក និង ភ្លើង។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលតែងតែបានផ្តល់ជំនួយដល់កម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធជាដើម៕