(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ លោក ឈួន វិន ប្រធានក្រុម​ការងារ​គណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញ​ប្រកាសចាត់តាំង​សមាសភាព​បន្ថែម នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តមណ្ឌលគិរី និង ប្រកាសក្រុមការងារ​គណ​បក្ស​​ចុះមូលដ្ឋានក្រុង ស្រុកទាំង៥ នៃខេត្តមណ្ឌលគិរី ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការ​គណបក្សខេត្តមណ្ឌលគិរី។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ថង សាវុន សមាជិកគណៈ​កម្មាធិការ​កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តមណ្ឌលគិរី លោក លោកស្រី អនុ​ប្រធានក្រុមការងារ សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋាន​ខេត្តមណ្ឌល​គិរីជាច្រើនរូបផងដែរ។

ការប្រារព្ធពិធីនេះធ្វើឡើង ដើម្បីប្រកាសសមាសភាពបន្ថែមក្រុមការងារគណបក្ស​ចុះមូល​ដ្ឋាន​ខេត្តមណ្ឌលគិរី និងបែងចែកសមាសភាព តួនាទី និងភារកិច្ច ក្រុមការងារចុះមូលដ្ឋាន​ទៅ​តាមក្រុង/ស្រុក ក្នុងគោលដៅ អនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ព្រមទាំងកម្មវិធី​នយោ​បាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កសាង​ពង្រឹង​គណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ស្របតាមលក្ខន្តិកៈ បទ​បញ្ជាផ្ទៃក្នុងគណបក្ស និងសេចក្តីសម្រេចនានា ជួយមូលដ្ឋានដោះស្រាយបញ្ហានានា ទាក់​ទងនឹងការបោះឆ្នោតសកល និងអសកល និងជំរុញគណៈកម្មាធិការគណ​បក្សតាម​ថ្នាក់​នីមួយៗ ឱ្យលើកកម្ពស់ប្រសិទ្ធភាពក្នុងការ បំពេញការងារស្របតាមតួនាទី ភារកិច្ច និង​ការ​ទទួលខុសត្រូវដែលគណបក្សបានកំណត់ ។

លោកប្រធានក្រុមការងារ បានសម្តែងការអបអរសាទរលោក លោកស្រី សមាជិក សមា​ជិកា ត្រូវបានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ផ្តល់សេចក្តីទុកចិត្តចាត់​តាំង​សមាសភាពបន្ថែមក្រុមការងារគណបក្ស និងពាំនាំការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និង​ក្តី​នឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណ​បក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សមេ្តចមហាបរវធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះលោក លោកស្រី និង សមាជិក សមាជិកាគណបក្សនៅមូលដ្ឋាន ព្រមទាំងពាំនាំការថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ​ចំពោះអង្គបោះឆ្នោតទាំងអស់នៅខេត្តមណ្ឌលគិរី ដែលចំនួនអ្នកទៅបោះឆ្នោតមានចំនួន​១០៨/១០៨នាក់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា នាថ្ងៃទី២៥ ខែកុម្ភៈ កន្លងទៅ។

ទន្ទឹមនោះ លោក ឈួន វិន បានគូសបញ្ជក់ពីភារកិច្ចរបស់ក្រុមការងារគណបក្ស​ចុះមូល​ដ្ឋាន​ក្រុងស្រុកនីមួយៗ ដែលមានទួលខុសត្រូវចំពោះមុខក្រុមការងារ​គណបក្សចុះ​មូល​ដ្ឋាន​ខេត្ត និងគណបក្សថ្នាក់ខ្លួន ក្នុងការដឹកនាំ និងត្រួតពិនិត្យគ្រប់វិស័យការងាររបស់​គណ​បក្ស ដើម្បីអនុវត្តរាល់ភារកិច្ចនយោបាយ ដែលគណបក្សថ្នាក់លើបានកំណត់ និងសេចក្តី​សម្រេចចិត្តរបស់គណបក្សថ្នាក់ខ្លួន រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុការពារ និងកសាង​ប្រទេសជាតិ និងបានវាយតម្លៃខ្ពស់ចំពោះស្នាដៃសម្រេចបាននាពេលនេះ ជាការបង្ហាញនូវ​ជំនឿ​ជាក់ ទំនុកចិត្ត សាមគ្គីភាព ឯកភាពផ្ទៃក្នុង ការស្មោះស័្មគ្រ និងគាំទ្ររបស់គណបក្ស​ប្រជាជន​កម្ពុជា ជាគណបក្សធានាបាននូវសន្តិភាព ស្ថិរភាព និងមាគ៌ាអភិវឌ្ឍន៍៕