(សៀមរាប)៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤នេះ លោក ម៉ឹង ពន្លក ប្រធាន​សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) បាននាំយកថវិកាសរុបចំនួន ២៥,០០០​ដុល្លារ ជូនមន្ទីរពេទ្យកុមារអង្គរ ដើម្បីចូលរួមចំណែក និងជួយសម្រួល​លើការងារ​ផ្សេងៗរបស់មន្ទីរពេទ្យ ដែលជាមន្ទីរពេទ្យផ្តល់សេវាដោយមិនយកប្រាក់។

ថវិកានេះ បានមកពីកម្មវិធីការប្រកួតវាយកូន​គោលមិត្ត​ភាពសប្បុរសធម៌រវាងសមាគមច​ល​នា​យុវជនកម្ពុជា (ក្រុម១៥៧) និងយុវជ​ន​សហ​រដ្ឋអាមេរិក សម្រាប់ជួយដល់មន្ទីរពេទ្យ​កុមារអង្គរ។

សូមបញ្ចាក់ថា កម្មវិធីការប្រកួតវាយកូនហ្គោលមិត្តភាពសប្បុរសធម៌​រវាងសមាគមចលនា​យុវជនកម្ពុជា (ក្រុម១៥៧) និងយុវជនសហរដ្ឋអាមេរិក សម្រាប់ជួយដល់មន្ទីរពេទ្យកុមារ​អង្គរ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤។ កម្មវិធីនេះ មានកីឡាករចូលរួម​ប្រមាណ ១០០នាក់ និងមានការឧបត្ថម្ភធំពីក្រុមហ៊ុនចំនួន០៣រួមមាន៖ ក្រុមហ៊ុន ហនុ​មាន ប៊ែវើរីជីស ក្រុមហ៊ុន ជីប ម៉ុង លែន និងក្លឹបវាយកូនហ្គោលហ្រ្គេន ភ្នំពេញ។ បន្ថែមពី​លើនោះ ក៏មានការសហការឧបត្ថម្ភពីសំណាក់ក្រុមហ៊ុនចំនួន១២ផ្សេងទៀត និងពីសំណាក់សាខានៃសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) តាមបណ្តាសាខាខេត្តផងដែរ។

ជំនួសមុខឱ្យមន្ទីរពេទ្យ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម ម្ចាស់ក្រុមហ៊ុនដែលបានចូលរួម​ឧបត្ថម្ភ​កម្មវិធី ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធ​ពរ​ទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕