(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារយោធិន ដែលបានពលី ក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនរងរបួស។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ យើងខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយក្រុមគ្រួសារយោធិនពលី ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហាន នាយ ទាហានរង និងពលទាហានឆ្នើម ដែលបានធ្វើពលិកម្មបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាទីស្នេហា ពិសេសរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កសាងសុខសន្តិភាព ស្ថិរភាព សង្គម និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។

យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធយោធិនពលីទាំង២០នាក់ សូមឆាប់បានចាប់កំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ និងក៏សូមជូនពរយោធិន និងជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ៕