(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក និងចុះមូលដ្ឋានឃុំទាំង០៨ នៃស្រុកតាំងគោក ដោយមានការចូលរួមពីលោក ឈាង វណ្ណារិទ្ធ អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក លោក ជា បូរ៉ា អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក រួមទាំងមាន លោក លោកស្រីជាអនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក និងក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ នៃស្រុកតាំងគោក រួមទាំងមានលោក លោកស្រី ប្រធានគណបក្សឃុំទាំង០៨។

ការប្រារព្ធពិធីនេះធ្វើឡើងដើម្បីប្រកាសសមាសភាពបន្ថែមក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកតាំងគោកនិងចុះមូលដ្ឋានឃុំទាំង០៨ និងបែងចែកសមាសភាព តួនាទី និងភារកិច្ច ក្រុមការងារចុះមូលដ្ឋាន ក្នុងគោលដៅអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស ព្រមទាំងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កសាង ពង្រឹង គណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងគណបក្ស និងសេចក្តីសម្រេចនានា ជួយមូលដ្ឋានដោះស្រាយបញ្ហានានា ទាក់ទងនឹងការបោះឆ្នោតសកល និងអសកល និងជំរុញគណៈកម្មាធិការគណបក្សតាមថ្នាក់នីមួយៗ ឱ្យលើកកម្ពស់ប្រសិទ្ធភាពក្នុងការ បំពេញការងារស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដែលគណបក្សបានកំណត់។

នាឱកាសនោះលោកបណ្ឌិត ថោង ខុន បានណែនាំឱ្យប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ រៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក របស់គណបក្សឃុំទាំង០៨ និងដាក់ចេញជាប្រតិទិនការងារសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតតាមឃុំរបស់ខ្លួននាពេលខាងមុខ។ យកសេចក្តីសម្រេចថ្មីស្តីពីការចាត់តាំងសមាសភាពក្រុមការងារចុះជួយឃុំទាំង០៨នៃស្រុកតាំងគោក ទៅប្រជុំផ្សព្វផ្សាយបន្តលំអិតបន្ថែមទៀតនៅមូលដ្ឋានឃុំ ភូមិរបស់ខ្លួន ដើម្បីឲ្យបានជ្រួតជ្រាបដល់ក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ និងសមាជិក សមាជិកាបក្សនៅមូលដ្ឋាន។

លោកបណ្ឌិត ថោង ខុន ក៏បានណែនាំដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ចុះជាប់នៅមូលដ្ឋានដើម្បីដឹងសុខទុក្ខ និងការលំបាករបស់ប្រជាជន និងសមាជិកបក្ស និងខិតខំរួមគ្នាពិនិត្យដោះស្រាយនូវសំណូមពរ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ចំពោះការងារបន្ទាន់ចំពោះមុខនៃស្ថានភាពឥទ្ធិពលបាតុភាពអេលនីណូ (El Nino) បង្កឱ្យមានគ្រោះរាំងស្ងួត សូមឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យមើលស្ថានភាពកង្វះទឹកសម្រាប់ប្រើប្រាស់របស់ប្រជាជន និងសត្វពាហនៈ ព្រមទាំងចាត់វិធានការសមស្របដើម្បីស្វែងរកប្រភពទឹក និងដោះស្រាយទឹកជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះអ្វីដែលលោកបណ្ឌិត ថោង ខុន ណែនាំមិនភ្លេចនោះ គឺស្នើឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកសមាជិកបក្ស ដោយឈរលើគោលការណ៍រក្សាចាស់ បង្កើនថ្មី ព្រមទាំងបន្តចិញ្ចឹមចលនាបក្សនៅមូលដ្ឋាន។ សូមក្រុមការងារនិងគណបក្សគ្រប់លំដាប់ថ្នាក់បន្តខិតខំធ្វើអំពើល្អ និងផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ សំដៅលើកកម្ពស់ប្រជាប្រិយភាពរបស់គណបក្ស និងបង្កើនភាពជឿជាក់ កក់ក្តៅ និងទុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាផងដែរ៕