(ភ្នំពេញ)៖ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ យុវជន និងអាជ្ញាធរនៅខណ្ឌព្រែកព្នៅ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៤នេះ បានរួមគ្នាប្រកាសគាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ» ដែលពួកគេមើលឃើញយ៉ាងច្បាស់ថា គម្រោងព្រែកជីកនេះនឹងផ្ដល់ផលប្រយោជន៍ជាច្រើនដល់សង្គម សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន តំណាងឱ្យក្រសួង រដ្ឋបាល​ថ្នាក់ក្រោមជាតិ និងវិស័យឯកជន ប្រកាសគាំទ្រ «គម្រោងព្រែកជីកហ្វូណនតេជោ»

ឯកឧត្តម​ថ្លែងថា ការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីក​ប្រវត្តិសាស្ត្រ​លើកទី១ នៅ​កម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយករដ្ឋ​មន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញ​បន្ថែម​ក្នុង​ការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោឲ្យសម្រេចបាននាពេលអនាគត ហើយ​គម្រោង​បើកការដ្ឋានសាង់ចង់នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ខាងមុខ។

ចំណែក ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ យុវជន និងអាជ្ញាធរ បានបង្ហាញ​ការ​ជឿជាក់​ចំពោះ​ការ​ដឹកនាំ​របស់​រាជរដ្ឋភិបាលចាប់តាំងពីអាណត្តិមុនៗក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិនេះក្រោមការដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្រ្ដី និង​ធ្វើ​ឱ្យ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នេះ​ជា​ផល​ប្រយោជន៍​ជា​ប្រវត្តិ​សាស្រ្ដ​សម្រាប់​ប្រទេស​កម្ពុជាបន្ថែមទៀត។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយ​ឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែក​ជីក​ហ្វូណន​តេជោ និងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេស​វិស័យ​ដឹក​ជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការ​កក​ស្ទះ​ចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និង​បែប​បទ​ក្នុង​ការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការ​អភិវឌ្ឍ​ផែ​រណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ​រំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និង​ការ​វិនិយោគ​ផ្សេង​ៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍​ជាតិ​ដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕