(កណ្ដាល)៖ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានឃាត់រថយន្តចំនួន៣គ្រឿង ពាក់ព័ន្ធករណីផលិតផលក្លែងក្លាយ និងក្លែងប្រភព ហើយឈានដល់ការចុះបិទសៀលដល់ទីតាំងឃ្លាំងផ្ទុក មួយកន្លែងនៅក្រុងតាខ្មៅ​ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

មន្ត្រីនគរបាលមួយរូបបានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ និងដោយមានការសម្របសម្រួលនីតិវិធីវីពីលោកលាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល តាមរយៈប្រព័ន្ធទំនាក់ទំនងតេឡេក្រាម នៅវេលាម៉ោង ៧៖៤៣នាទី កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានឃាត់រថយន្ត ចំនួន៣គ្រឿង ពាក់ព័ន្ធករណីផលិតផលក្លែងក្លាយ និងក្លែងប្រភព។

នៅវេលាម៉ោង១២ និង២០នាទី ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ខា ដែនណា ព្រះរាជអាជ្ញារង នៃអយ្យកាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកវរសេនីយ៍ទោលី គឹមសក្ដិ ស្នងការរង កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ចៅសង្កាត់ស្វាយរលំ មេភូមិលេខ 1 ក ដើម្បីចុះត្រួតពិនិត្យជាក់ស្ដែង ទីតាំងឃ្លាំងគ្មានលេខ ស្ថិតនៅផ្លូវលំ ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

តំណាងម្ចាស់ឃ្លាំងឈ្មោះ ពេញ ពិសិទ្ធ អាយុ៣២ឆ្នាំ មានទីលំនៅភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមេការឃ្លាំងទំនិញ។ ម្ចាស់ឃ្លាំងមានឈ្មោះ សាង ភេទប្រុស អាយុប្រហែល៥០ឆ្នាំ ជនជាតិវៀតណាម នៅប្រទេសវៀតណាម។ បន្ទាប់ពីក្រុមការងារបាន ត្រួតពិនិត្យរួចលោក ខា ដែនណា បានសម្រេចដកហូតវត្ថុតាង ដែលពាក់ព័ន្ធនឹងករណី ផលិតផលក្លែងក្លាយនិងក្លែងប្រភព។

ទំនិញបានរក្សាទុកនៅក្នុងទីតាំងឃ្លាំងដដែលមិនបានដកហូតទេ។ ក្រុមការងារបានធ្វើការបិទសៀលឃ្លាំងនិង ធ្វើកិច្ចសន្យាជាមួយម្ចាស់ឃ្លាំងជួលឈ្មោះ សុខ សុខា ជួយមើលថែរក្សាទំនិញនៅក្នុងឃ្លាំង មិនឲ្យបាត់បង់រង់ចាំការអនុវត្តនិតិវិធីបន្ត។

តាមរបាយការណ៍របស់នគរបាល៖

*រថយន្តទី១ ម៉ាក Saang yong ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ 2H-6046។
ឃាត់នៅចំណុចផ្លូវ 21 B ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅវេលាម៉ោង០៥ និង៣០នាទី។
*តំណាងម្ចាស់ទំនិញនិងជាម្ចាស់រថយន្តមានឈ្មោះ  កែន ប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ មុខរបរបើកបរ។
*រថយន្តទី២ ម៉ាក KIA BONGoIII ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2BF-5134។ ឃាត់នៅចំណុចផ្លូវ115 ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅវេលាម៉ោង១០៖១០នាទី។
*តំណាងម្ចាស់ទំនិញ និងជាម្ចាស់រថយន្តមានឈ្មោះ កែវ សុខហាយ អាយុ៤៥ឆ្នាំ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរបើកបរ។
*រថយន្តទី៣ ម៉ាក កូរ៉េ ១.៥តោន ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2M-5330។ ឃាត់នៅចំណុចផ្លូវ21 ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅវេលាម៉ោង ១០៖២០នាទី។
*តំណាងម្ចាស់ទំនិញនិងជាអ្នកបើកបរ រថយន្តមានឈ្មោះ  ស៉ឹង សែ អាយុ២៨ឆ្នាំ មានទីលំនៅភូមិស្រែស្រម៉ ឃុំទីពោរ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរបើកបរ។

សូមជម្រាបជូនថា ដឹកទំនិញសំខាន់ៗដែលចាប់បានក្នុងរថយន្តទាំង៣រួមមាន៖ សាប៊ូក្លែងក្លាយចំនួន៩៣៥កេស ម៉ាក Fine lineនិងD-nee, ប្រេងរំអិលក្លែងក្លាយចំនួន២៤៧កេសម៉ាក់KOBOTA, ធូបមូសនិងថ្នាំបាញ់មូសក្លែងក្លាយម៉ាកRanger ចំនួន110កេស។ រីឯនៅក្នុងឃ្លាំងមានទំនិញជាច្រើនមុខផ្សេងទៀតរាប់រយកេសកំពុងស្រាវជ្រាវលម្អិតផងដែរ៕