(រតនគិរី)៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានដាក់គ្រឿងចក្របើកការដ្ឋាន Overlay AC លើកំណាត់ផ្លូវជាតិលេខ៧៨ចន្លោះគីឡូម៉ែត្រលេខ១៣៤ ដល់គីឡូម៉ែត្រលេខ១៤០+៥០០ ក្នុងភូមិសាស្ត្រស្រុកបរកែវ ខេត្តរតនគិរី។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការខេត្តរតនគិរី បានថ្លែងថា ការងារនេះគឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ ការដឹកជញ្ជូនទំនិញផ្សេងៗ ជាពិសេសការដឹកជញ្ជូនទំនិញឆ្លងកាត់រវាងកម្ពុជា និងវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។

ប្រធានមន្ទីរបានបញ្ជាក់ថា ការដ្ឋាន Overlay ACលើកំណាត់ផ្លូវជាតិលេខ៧៨ មានប្រវែង៦.៥គីឡូម៉ែត្រ ការចំណាយថវិកាជាតិ គឺកែលម្អ បង្កើនគុណភាពផ្លូវ ងាយស្រួលធ្វើដំណើរ និងដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោកសាយ សាមានបានសំណូមពរឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ទទួលបានសុខសុវត្ថិភាពគ្រប់ៗគ្នា។ បើស្រវឹងសូមកុំបើកបរ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ និងមិនត្រូវវ៉ាជែងគ្នាក្នុងស្ថានភាពប្រថុយប្រថានឡើយ៕