(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ភូមិភាគទី៤ ភូមិភាគទី៥ បានបញ្ជាដល់គណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ត្រូវបង្កើនការបង្ក្រាបគ្រឿងញៀន និងល្បែងស៉ឺសងតាមប្រពន្ធអនឡាញឱ្យដូចភ្លៀងរលឹម។

ការដាក់បទបញ្ជានេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាបន្ទាន់មួយស្តីពីបញ្ហាគ្រឿងញៀន និងល្បែងស៉ឺសងតាមប្រពន្ធអនឡាញក្នុងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្ត ដោយមានការចូលរួមពីលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការង នាយសេនាធិការយោភូមិភាគ៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ នាយនគរបាលប៉ុស្តិ៍ឃុំ សង្កាត់ ចូលរួមចំនួន៩០នាក់។

លោក អ៊ុំ រាត្រី បានលើកឡើងថា ក្នុងនាមគណៈបញ្ជាការខេត្ត កន្លងមក លោកបានដឹកនាំកងកម្លាំងទាំង៣ មានស្នងការនគរបាលខេត្ត អាវុធហត្ថខេត្ត និងយោធាចុះបង្ក្រាបរាល់ល្បែងស៊ីសងតាមអនឡាញគ្រប់ប្រភេទនៅតាមសណ្ឋាគារ អគារ ផ្ទះសំណាក់ ផ្ទះជួល បន្ទប់ជួល តាមផ្ទះតាមហាងកាហ្វេ ក្នុងនោះមានល្បែងមានច្បាប់ និងល្បែង អត់ច្បាប់បានជាច្រើនករណីដូចភ្លៀងរលឹម ក្នុងនោះកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថបានបង្ក្រាបអ្នកលក់ និងជក់ថ្នាំញៀនបានជាច្រើនគីឡូក្រាមយ៉ាងសកម្ម ពិសេសនៅក្នុងបំបន់ក្រុងប៉ោយប៉ែត ក្នុងនោះដែរបុណ្យចូលឆ្នាំខ្មែរក្នុងរយៈពេល៤ ថ្ងៃក្នុងបន្ទាយមានជ័យ សន្តិសុខសណ្តាប់ធ្នាប់ល្អគ្មានអំពើហិង្សាកើតឡើងផងដែរ។

លោកនាយឧត្តមសេនីយ៍ ខេង សុមេធ ក្នុងកិច្ចប្រជុំបន្ទាន់នេះលោកបានឲ្យគ្រប់កម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រុង និងប៉ុស្តិ៍ការពារព្រំដែន កម្លាំអាវុធហត្ថ ត្រូវក្តាប់ឲ្យជាប់រាល់ព័ត៌មាននៃការរៀបចំផែនការក្នុងការទប់ស្កាត់ បង្រ្កាប រាល់សកម្មភាព បទល្មើស រាល់ល្បែងស៊ីសងគ្រប់ប្រភេទ តាមអនឡាញ អត់ច្បាប់ តាមពិធីណាក៏ដោយឲ្យតែល្បែងខុសច្បាប់បង្រ្កាបឲ្យអស់។

លោកនាយឧត្តមសេនីយ៍ ខេង សុមេធ បានលើកយកពួកអ្នកជួញដូរ និងអ្នកជក់ថ្នាំញៀន ត្រូវបង្ក្រាបឲ្យអស់ខានតែបាន ទោះបីទ្រង់ទ្រាយធំក្តី តូចក្តី ព្រោះគ្រឿងញៀនអ្នកដែលបានប្រព្រឹត្យត្រូវជួប និងវិបតិ្តយ៉ាងធំដូចជាការបាត់បង់ថវិកា ខូចសុខភាព ព្រាត់ប្រាស់មិត្តភក្តិម្តាយឪពុក ខូចសុខភាពនិងរាងកាយ ខូចសរសៃប្រាសាទ បាត់ការបងចាំ គេចសាលា ប្រើអំពើហិង្សាក្នុងគ្រួសារ និងមិតភក្តិ នៅទីបញ្ចប់ គឺឆ្លងជំងឺគ្រប់មុខស្លាប់ដោយមិនអាចគេចបានឡើយ។

ក្នុងនោះកម្លាំងនគរបាលស្រុក-ក្រុង និងនគរបាលប៉ុស្តិ៍រដ្ឋបាល ព្រមទាំងកម្លាំងអាវុធហត្ថ ត្រូវត្រៀមកម្លាំង២៤ម៉ោងលើ២៤ម៉ោង សម្រាប់ត្រូល មើលសភាពការណ៍និងទប់ស្កាត់រាល់បទល្មើសទាំងឡាយក្នុងសហគមន៍ ឲ្យបានទាន់ពេលវេលា ត្រូវបន្តចុះអប់រំផ្សព្វផ្សាយគោលនយោបាលភូមិឃុំមានសុវត្ថិភាពអំពីផលប៉ះពាល់នៃគ្រឿងញៀន និងល្បែងស៉ីសងតាមអនឡាញគ្រប់ប្រភេទដល់ពលរដ្ឋនៅតាមសហគមន៍ ឲ្យបានទូលំទូលាយ ដើម្បីឲ្យពលរដ្ឋយល់ដឹង ហើយក៏ជាសកម្មភាពរួមគ្នាកាត់បន្ថយបទល្មើសផ្សេងៗផងដែរ៕