(តាកែវ)៖ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តតាកែវបានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងលោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ សប្បុរសជន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សរុបប្រមាណ ៣៨០នាក់។

បន្ទាប់ពីបានសំណេះសំណាលជាមួយក្រុមការងាររួចមក លោក ជា វ៉ាន់ដេត បានជម្រាបជូនបន្ថែមអំពីការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ហើយខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ របស់កម្ពុជា និងជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតនិងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយបច្ចុប្បន្ន បន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ នេះឱ្យសម្រេចបាននាពេលអនាគត។

ជាចុងក្រោយ លោក ជា វ៉ាន់ដេត បានថ្លែងអំណរគុណសប្បុរសជន ក្នុងការចូលរួមកសាងបានសមិទ្ធផលនៅពេលនេះ៕