(ភ្នំពេញ)៖ នៅម៉ោងជាង៩ព្រឹកថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ព្រះចៅស៊ុលតង់ ហាជី ហា​សិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រប្រទេស​ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់​ឌុល ម៉ាទីន សព្វព្រះរាជហឫទ័យ យាងសោយព្រះក្រយាជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា រួមជាមួយ កូនប្រុសទាំង៣រូប រួមមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក។

នៅវេលាម៉ោង១២៖៣០នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះព្រះចៅស៊ុលតង់ ហាជី ហា​សិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រប្រទេស​ប្រ៊ុយណេ ដារូសាឡឹម និងព្រះរាជបុត្រ អាប់​ឌុល ម៉ាទីន បានយាងចាកចេញពីរាជធានីភ្នំពេញ ប្រទេសកម្ពុជា វិញហើយ។

សូមជំរាបថា ព្រះរាជដំណើររបស់ព្រះមហាក្សត្រប្រុយណេ មកកាន់ប្រទេសកម្ពុជានាពេលនេះ មិនមែនជាព្រះរាជដំណើរទស្សនកិច្ចផ្លូវការនោះឡើយ។ ព្រះរាជដំណើររបស់ព្រះមកកម្ពុជា នាពេលនេះដើម្បីសាកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ដែលព្រះអង្គបានរាប់អានជាប្អូនធម៌ជាយូរមកហើយ។

បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គមបានឱ្យដឹងថា ព្រះមហាក្សត្រប្រុយណេ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងសម្តេចតេជោ ហ៊ុន សែន មានការរាប់អានគ្នាយ៉ាងជ្រាលជ្រៅបំផុតក្នុងពេលដឹកនាំប្រទេស។ ក្នុងនោះព្រះចៅស៊ុលតង់ មានព្រះជន្ម៧៥ព្រះវស្សា ត្រូវបានចាត់ទុកជាបង លោក ថាក់ស៊ីន មានអាយុ ៧៤ឆ្នាំ ជាប្អូនទី១ ហើយសម្តេចតេជោ ហ៊ុន សែន មានអាយុ៧២ឆ្នាំ ជាប្អូនពៅ។

ចំណងមិត្តភាពរបស់មេដឹកនាំដែលមានប្រជាប្រិយភាព នៅអាស៊ីអាគ្នេយ៍ទាំង៣ព្រះអង្គ/រូប បានរក្សាយ៉ាងខ្ជាប់ខ្ជួនតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក។ មិនត្រឹមតែទំនាក់ទំនងលក្ខណៈបុគ្គល និងបុគ្គលនោះទេ តាមរយៈចំណងមេត្រីភាពដ៏រឹងមាំនេះ បងប្អូនធម៌ ទាំង៣អង្គ/រូប តែងមូលព្រះទ័យ និងចិត្តគំនិតលើការដឹកនាំរដ្ឋ ដើម្បីនាំមកឧត្តម ប្រយោជន៍សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំង៣នេះផងដែរ។

គុណធម៌នៃមិត្តភាពនេះ គេបានកត់សម្គាល់ឃើញថា នៅពេលលោក ថាក់ស៊ីន ត្រូវបានគេយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាចយ៉ាងណាក្តី ក៏ព្រះមហាក្សត្រប្រុយណេ និង សម្តេចតេជោ ហ៊ុន សែន នៅតែបន្តរាប់អាន និងជួយជាគំនិតយោបល់នានាជូនលោក ថាក់ស៊ីន ផងដែរ។

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រុយណេ បានយកព្រះទ័យគោរព និងផ្តល់តម្លៃដល់ចំណងមិត្តភាពនេះខ្លាំងណាស់។ កាលពីឆ្នាំ២០១១ នៅពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមព្រះរាជកម្មវិធីរបស់ព្រះអង្គនៅប្រទេសប្រុយណេ ព្រះចៅស៊ុល បានយាងបើករថយន្តមកទទួលសម្តេចតេជោ ដោយផ្ទាល់ពីព្រលានយន្តហោះផងដែរ។
តាមរយៈព្រះរាជដំណើរយាងមកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន នៅពេលនេះក៏ជាការបង្ហាញឱ្យឃើញពីការយកព្រះទ័យទុកដាក់ និងជម្រៅដ៏សែនជ្រៅចំពោះ ចំណងមិត្តភាពមួយនេះ។

ក្នុងក្របខណ្ឌអាស៊ាន ក៏ដូចជាពិភពលោក គឺកម្រមានការរាប់អានបែបនេះណាស់។ ចំណងមិត្តភាពនេះអាចរឹងមាំទៅបាន ក៏ដោយសារតែមេដឹកនាំដែលប្រៀបដូចជាដួងតារា នៅអាស៊ាន ផ្តល់ការគោរពឱ្យគ្នា មានទស្សនៈនយោបាយ និងទស្សនៈនយោបាយប្រហាក់ប្រហែលគ្នា៕