(ភ្នំពេញ)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពី៖ «ស្ថានការណ៍ជម្លោះនៅមជ្ឈិមបូព៌ា» ដែលបាននៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជឿជាក់ថា ពិភពលោក នឹងមិនអាចកើតសង្គ្រាមលោកលើកទី៣ បាននោះទេ ដោយសារតែមិនមានភពណាដែលមនុស្សអាចរស់បាន ខណៈដែលមានប្រទេសជាច្រើនអាចផលិតអាវុធនុយក្លេអ៊ែបាន។

កិច្ចពិភាក្សាតុមូលនេះធ្វើឡើងដើម្បីឆ្លើយតបនឹងភាពតានតឹងដែលកំពុងតែឡើងកម្ដៅខ្លាំង នៅតំបន់មជ្ឈិមបូព៌ា ជាពិសេសបន្ទាប់ពីមានការលូកដៃដោយផ្ទាល់ពីសំណាក់ប្រទេសអ៉ីរ៉ង់ទៅលើប្រទេសអ៉ីស្រាអែល ខណៈដែលអ៉ីរ៉ង់ត្រូវបានគេដឹងហើយថា ជាប្រទេសមហាអំណាចអាវុធនៅក្នុងតំបន់ និងត្រូវបានសង្ស័យថា មានការផលិតអាវុធនុយក្លេអ៊ែ ក្នុងតំបន់ឃ្លាំងរ៉ែប្រេង ដ៏សំខាន់របស់ពិភពលោកមួយនេះ។

លោកបណ្ឌិត សុខ ទូច បានថ្លែងដូចនេះថា «នយោបាយតាប៊ីយ៉ែនឹងធ្វើឱ្យសង្គ្រាមលោកផ្ទុះរញ្ជួយ ៣ធំៗ មាន៖ បរិស្ថាន, សេដ្ឋកិច្ច, លាប់នៃសង្គ្រាមត្រជាក់។ ចុះអាចមានសង្គ្រាមលោកទេ បើសង្គ្រាមលោកកើតឡើងលុះត្រាណាតែឋានណាមួយដែលអាចរស់នៅបាន, ឋានព្រះចន្ទទៅហើយអត់មានរស់បានទេ ដោយសារអត់មានទំនាញផែនដី ឋានអង្គារក៏មិនអាចរស់បានដែរ បើអត់ទាន់មានឋានរស់ទេ បើផ្ទុះសង្គ្រាមលោកលើកទី៣ មិនមានអ្នករស់ទេ»

លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ដែរថា សង្គ្រាមលោកលើកទី២ អ្នកបង្កើតអាវុធនុយក្លេអ៊ែ មានតែអាមេរិកនោះទេ តែឥលូវអ្នកដែលអ្នកបង្កើតអាវុធនុយក្លេអ៊ែបាន គ្រាន់តែអាស៊ីមិនបានចុះបញ្ជី មាន៣ប្រទេសរួចទៅហើយ មានកូរ៉េខាងជើង អ៉ីរ៉ង់ និងអ៉ីស្រាអែល។ សម្រាប់ប្រទេសប៉ាគីស្ថាន ឥណ្ឌា ចិន សុទ្ធតែអាចដែលបង្កើតអាវុធនុយក្លេអ៊ែ ក្នុងនោះប្រទេសជប៉ុន ចង់ធ្វើថ្ងៃណាក៏បាន។

លោកបណ្ឌិត សុខ ទូច ក៏បានរំលឹកដែរថា ប្រទេសជប៉ុន មានរួចអស់ហើយសម្រាប់សម្បត្តិដែលត្រូវបង្កើតអាវុធនុយក្លេអ៊ែ ប៉ុន្តែជប៉ុនមានច្បាប់មួយមិនឱ្យមានកងទពទេ ឱ្យមានតែស្វ័យត្រាណទេ ប៉ុន្តែរាល់ពេលមានយន្តហោះហោះកាត់ មីលស៊ីលហោះកាត់ គឺជប៉ុនមានខែលការពាររួចហើយ និងអាចបាញ់បានគ្រប់ពេល៕