(កណ្ដាល)៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល បានប្រកាសគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រ លើកទី១ នៅកម្ពុជា ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាំ កំពុងបន្តអនុវត្តយ៉ាងស្វាហាប់ និងម៉ឺងម៉ាត់បំផុត។

ការប្រកាសគាំទ្របានធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន១,៦៤៥ក្បាលដី ក្នុងឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល។

យោងតាមរបាយការណ៍របស់លោក កន សុខកាយ អភិបាលស្រុកល្វាឯម ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ នឹងត្រូវប្រគល់ជូនប្រជាពលរដ្ឋមកពីភូមិចំនួន០២ ក្នុងឃុំទឹកឃ្លាំង គឺភូមិសំរោង ចំនួន ៥៦៥ប័ណ្ណ និងភូមិជ្រោយពិសី ចំនួន១,០៨០ប័ណ្ណ សរុបចំនួន១,៦៤៥ប័ណ្ណ។

ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានធ្វើការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ និងបានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើននៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តកណ្តាល និងស្រុកល្វាឯម។

លោកអភិបាលរងខេត្ត ក៏បានលើកឡើងអំពីអត្ថប្រយោជន៍ នៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលប្រជាពលរដ្ឋទាំងអស់ត្រូវទទួលបាននាថ្ងៃនេះ ថាជាឯកសារយ៉ាងសំខាន់ សម្រាប់សម្គាល់នូវកម្មសិទ្ធិករលើដីធ្លី ផ្ទះសម្បែង ជាឯកសាផ្លូវច្បាប់មួយយ៉ាងសំខាន់សម្រាប់បងប្អូនយកទៅប្រើប្រាស់ ងាយស្រួលក្នុងការកំណត់ព្រំប្រទល់ដីធ្លី និងកាត់បន្ថយបាននូវទំនាស់ដីធ្លីក្នុងមូលដ្ឋាន។ សូមយកប័ណ្ណនេះទៅរក្សាទុកឲ្យបានត្រឹមត្រូវជៀសវាងការខូចខាត ឬបាត់បង់ ហើយប្រសិនបើមានបញ្ហាខូចខាត ឬបាត់បង់នានា សូមរាយការណ៍បន្ទាន់ មកមន្ត្រីជំនាញដើម្បីមានវិធានការ។

លោកក៏បានកោតសរសើរដល់មន្ត្រីសុរិយោដី អជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានខិតខំចុះវាស់វែង បំពេញឯកសារ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ប្រឈមនឹងការលំបាកនានា ដើម្បីឲ្យប្រជាពលរដ្ឋបានទទួលនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាថ្ងៃនេះ។

ជាមួយគ្នានេះ លោក នុត ពុធដារ៉ា ក៏បានលើកឡើងអំពីគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រ លើកទី១ នៅកម្ពុជា ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងបន្តអនុវត្តយ៉ាងស្វាហាប់ និងម៉ឺងម៉ាត់បំផុត។

ព្រែកជីកនេះជាគម្រោងដ៏មានសារៈសំខាន់ដ៏មហាសាល សម្រាប់សេដ្ឋកិច្ចជាតិ និងជាផ្លូវតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាលផងដែរ។ គម្រោងនេះ នឹងផ្តល់ផលប្រយោជន៍លើការដឹកជញ្ជូនទំនិញ កសិផល ពាណិជ្ជកម្ម ប្រព័ន្ធធារាសាស្ត្រ ទេសចរណ៍ ការរំដោះទឹកជំនន់ និងអត្ថប្រយោជន៍នានាជាច្រើនទៀត។ ទន្ទឹមគ្នានោះ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងស្រុកល្វាឯម បានអបអរសាទរ និងប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវការអនុវត្តគម្រោងព្រែកជីកនេះ។

លោកក៏បានណែនាំដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ត្រូវចូលរួមយកចិត្តទុកដាក់អនុវត្តឲ្យបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ជាពិសេសការ បង្ក្រាបបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ឲ្យបានដាច់ខាត តាមគោលការណ៍ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ប្រជាពលរដ្ឋ និងសមាជិក សមាជិកា ដែលចូលរួមក្នុងពិធីនេះ បានទទួលសារ៉ុងម្នាក់ ចំនួន១ជាអនុស្សវរីយ៍៕