(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានក្រើនរំលឹកដល់ជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ឲ្យចេះប្រើអំណាច និងតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ថែមទាំងប្រសិទ្ធភាពការងារ ដើម្បីបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើឡើង និងខ្លាំងក្លាថែមទៀត។ ការក្រើនរំលឹកនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក និងនាយករដ្ឋបាលសាលាស្រុកឈូក នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ នៅសាលាស្រុកឈូក។

ទន្ទឹមនោះ លោកអភិបាលខេត្ត ក៏បានលើកឡើងបញ្ជាក់ទៀតថា ចាប់តាំងពីរូបលោក មកកាន់តំណែងជាអភិបាលខេត្តកំពត គឺមិនទាន់បានឃើញ ប្រជាពលរដ្ឋណាម្នាក់ ប្តឹងមន្ត្រីមូលដ្ឋាន ឬថ្នាក់ដឹកនាំ មន្ទីរអង្គភាពណាមួយនៅឡើយទេ។ មន្ត្រីដោយរាប់ចាប់ពីគ្រូបង្រៀន មេភូមិ មេឃុំ មេប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព មន្ត្រីមន្ទីរជំនាញ រហូតដល់ថ្នាក់ដឹកនាំខេត្ត គឺបានបំពេញការងារបានល្អ ធ្វើឲ្យប្រជាពលរដ្ឋស្រឡាញ់ចូលចិត្ត និងមានភាពកក់ក្តៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកបណ្ឌិត ម៉ៅ ធនិន បានណែនាំដល់មន្ត្រីទើបចូលកាន់មុខតំណែងថ្មី ត្រូវចេះប្រើអំណាច និងតួនាទីឲ្យបានត្រឹមត្រូវ ដើម្បីធ្វើឲ្យការងារមានប្រសិទ្ធភាព រក្សារបាននូវសុខដុមរមនាជូនពលរដ្ឋ។

សូមជម្រាបថា តាមសេចក្តីប្រកាស ស្តីពីការតែងតាំងមន្ត្រីរាជការ លោក ទូច ស៊ីណា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៤ ត្រូវបានតែងតាំងឲ្យចូលកាន់មុខតំណែងជានាយករដ្ឋបាលសាលាស្រុកឈូក ខណៈលោក ឡុញ មុន្នីរក្សា ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៣ ត្រូវបានតែងតាំងឲ្យចូលកាន់មុខតំណែងជាអភិបាលរងស្រុកឈូក៕