(ភ្នំពេញ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលថវិកាសប្បុរសធម៌ ពីវិទ្យាស្ថានបណ្តុះបណ្តាល វិស័យកាត់ដេរនៅកម្ពុជា (CGTI) ដែលផ្តល់ជូនដោយលោក Robert Hwang អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងលោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា។

នាឱកាសនោះ លោក Robert Hwang អនុប្រធានអនុប្រធានសមាគមវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានថ្លែងថា ការផ្តល់ថវិការសប្បុរសធម៌នេះ ជាការបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមរបស់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ក្នុងការលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីនរបស់ប្រជាពលរដ្ឋខ្មែរ។

លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់អាជ្ញាធរមីន ក្នុងការលុបបំបាត់ការរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ធគ្រឿងផ្ទុះ​ ជាពិសេសប្រែក្លាយដីមីនឱ្យក្លាយជាកន្លែងមានសុវត្ថិភាពសម្រាប់ការរស់នៅ និងអភិវឌ្ឍន៍។

លោកបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ដែលបានផ្តល់ថវិកាសប្បុរសធម៌ និងតែងតែគាំទ្រដល់សកម្មភាពមីននៅកម្ពុជា។ ក្នុងពិធីនេះ លោកបានបង្ហាញទឹកចិត្តកត្តញ្ញូតា ធម៌​ចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចជាវីរៈបុរសដ៏ឆ្នើមមួយរូប បានផ្តួចផ្តើមសកម្មភាពបោសសម្អាតមីននៅកម្ពុជា ក្នុងការលុបបំបាត់ការរងគ្រោះរបស់ប្រជាពលរដ្ឋកម្ពុជា និងបានបង្កើតលក្ខខណ្ឌដ៏ប្រសើរសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ ហើយវានឹងក្លាយជាកេរដំណែលដ៏ធំធេងរបស់សម្តេច បន្សល់ទុលដល់ព្រជាពលខ្មែរគ្រប់ជំនាន់។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនចំពោះ ការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានបន្តខិតខំដឹកនាំកម្ពុជាឆ្ពោះទៅរកប្រទេសមួយ ដែលគ្មានការរងគ្រោះដោយសារគ្រាប់មីន។

បណ្ឌិត បានលើកឡើងផងដែរថា គិតត្រឹមឆ្នាំ២០២៣ កម្ពុជាបានរំដោះផ្ទៃដីដែលមានគ្រាប់មីន និងសណល់ជាតិផ្ទុះពីសង្គ្រាម បានសរុបចំនួន ៣០២៤ គីឡូម៉ែតក្រឡា ដោយរកឃើញ និងកម្ទេចចោលគ្រាប់មីន និងសំណល់ ជាតិផ្ទុះពីសង្រ្គាម​រាប់លានគ្រាប់ ប៉ុន្តែទោះយ៉ាងនេះក្តី កម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីនចំនួន ៤៦៨គីឡូម៉ែតក្រឡា ដែលត្រូវបន្តបោសសម្អាត ដើម្បីឱ្យកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឆ្នាំ២០២៥៕