(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានប្រារព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៤ ក្រោមមូលបទ «កម្មសិទ្ធិបញ្ញា និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ៖ការកសាងអនាគតរួមគ្នាជាមួយនឹងនវានុវត្តន៍ និងគំនិតច្នៃប្រឌិត» ដើម្បីបង្ហាញពីតួនាទីយ៉ាងសំខាន់របស់កម្មសិទ្ធិបញ្ញា ដែលជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបានក្នុងវិស័យពាណិជ្ជកម្ម និងក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

ទិវានេះបានរៀបចំឡើងក្រោមវត្តមាន លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធដែលជាសមាជិកគណៈគម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា តំណាងស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា ដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ សមាគមកសិកម្ម វិស័យឯកជន សិស្ស-និស្សិត សរុបប្រមាណ ៣០០នាក់។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងពីតួនាទីសំខាន់របស់កម្មសិទ្ធិបញ្ញាដែលជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបានក្នុងវិស័យពាណិជ្ជកម្ម និងក្នុងការជំរុញកំណើនសេដ្ឋកិច្ច។ ដោយក្នុងនោះ កម្មសិទ្ធិបញ្ញា គឺជាឧបករណ៍មួយដ៏ចាំបាច់ក្នុងការជំរុញពាណិជ្ជកម្មទំនិញ និងពាណិជ្ជកម្មសេវាកម្ម ការជំរុញធុរកិច្ចថ្មី និងសហគ្រាសមីក្រូ តូច និងមធ្យម និងវិនិយោគផ្ទាល់ពីបរទេស តាមរយៈការបង្កើតតម្លៃបន្ថែម ការធ្វើពាណិជ្ជូបនីយកម្ម ការបង្កើតប្រភពហិរញ្ញវត្ថុការជំរុញនវានុវត្តន៍ និងការស្រាវជ្រាវនិងការអភិវឌ្ឍ តាមរយៈការផ្ទេរបច្ចេកវិទ្យាជាដើម។ ផ្សារភ្ជាប់ទៅនឹងមូលបទទិវាកម្មសិទ្ធិបញ្ញាឆ្នាំ២០២៤ ដែលពាក់ព័ន្ធគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រីបន្ថែមថា ប្រសិនបើមិនមានការពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញាជាសកល ដែលបានជំរុញនវានុវត្តន៍ ដូចជាការអភិវឌ្ឍ បច្ចេកវិទ្យាបៃតង បច្ចេកវិទ្យាបង្កើនផលិតភាពកសិកម្ម និងការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីបង្កើនប្រសិទ្ធភាពប្រើប្រាស់ធនធានឱ្យអស់លទ្ធភាព បង្កើតការងារ លើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជននោះ ការសម្រេចបាននូវសូចនាករ ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ នាពេលកន្លងមក គឺមិនអាចសម្រេចបានតាមបំណងនោះទេ។

ជាមួយគ្នានេះ លោកស្រីបានចែករំលែកនូវទស្សនទានពាក់ព័ន្ធនឹងការជំរុញឱ្យមានការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសអភិវឌ្ឍន៍តិចតួច ដែលការណ៍នេះ នឹងអាចជំរុញឱ្យ មានការកើនឡើងឧស្សាហកម្មផ្អែកលើចំណេះ ជំនាញ និងបច្ចេកវិទ្យាដែលអាចបង្កើតផលិតផលដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចញ សម្រាប់កម្ពុជាផងដែរ។

លោក ហែម វណ្ណឌី បានរំលេចនូវតម្រូវការចន្ទល់សេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដើម្បីធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពដែលការណ៍នេះ បង្ហាញឱ្យឃើញនូវភាពចាំបាច់ នៅក្នុងការជំរុញនវានុវត្តន៍តាមរយៈការលើកកម្ពស់កម្មសិទ្ធិបញ្ញា ការបង្កើតតក្កកម្មថ្មី អភិវឌ្ឍន៍ការសិក្សាស្រាវជ្រាវ ដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកមានប្រសាសន៍ថា «ប្រធានបទឆ្នាំនេះ បានផ្តោតទៅលើ ការកសាងអនាគតរួមគ្នាជាមួយនវានុវត្តន៍ និងគំនិតច្នៃប្រឌិត ដែលជាការខិតខំប្រឹងប្រែងរួមគ្នារបស់យើងទាំងអស់គ្នា រវាងវិស័យឯកជន អង្គការនានា និងរាជរដ្ឋាភិបាល ក្នុងការបង្កើត អភិវឌ្ឍ និងអនុវត្តគំនិតច្នៃប្រឌិត ដើម្បីបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ និងចូលរួមដល់ការសម្រេចបានផលិតភាព និងប្រសិទ្ធភាព ក្នុងខ្សែច្រវាក់ផលិតកម្ម។ ការជំរុញគំនិតច្នៃប្រឌិត និងនវានុវត្តន៍ជាបន្តបន្ទាប់ក្នុងវិស័យផ្សេងៗគ្នា រួមទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ឱ្យបានក្លាយជាវប្បធម៌និងមនសិការមួយនៃការច្នៃប្រឌិតនិងការបង្កើតថ្មី នឹងអាចដោះស្រាយបញ្ហាប្រឈមជាមូលដ្ឋានមួយចំនួនក្នុងសង្គម (ដូចជាកង្វះធនធានវត្ថុធាតុដើម និងកង្វះធនធានកម្លាំងពលកម្ម ជាដើម) ក្នុងគោលដៅកែលម្អជីវភាពរស់នៅ និងលើកកម្ពស់សុខុមាលភាពទូទៅរបស់សង្គម»

លោក Pablo KANG ភារធារីនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា តំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកំណើនសេដ្ឋកិច្ចនៅតំបន់ ASEAN ដែលការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងសតវត្សរ៍ទី២១ ជាពិសេសកម្ពុជាបានស្តារនូវកំណើនសេដ្ឋកិច្ចខ្ពស់ឡើងវិញនាប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក Pablo KANG បានសង្កត់ធ្ងន់ចំពោះតួនាទីកម្មសិទ្ធិបញ្ញាដែលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការកសាងភាពជឿជាក់ កិច្ចសហប្រតិការអន្តរជាតិ និងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។