(ស្វាយរៀង)៖ ដោយមាននិស្ស័យជាមួយព្រះធម៌ និងជីវភាពក្រីក្ររស់នៅជិតតំបន់ព្រំដែន កូននេនតូច ធី មករា ហៅគុណមាឃ មានព្រះជន្មទើបតែ៨ព្រះវស្សា បានលាញោមប្រុសញោមស្រី ចូលសាងព្រះភ្នួសដើម្បីរៀនសូត្រព្រះធម៌វិន័យព្រះពុទ្ធសាសនា។

នេនតូច បានកើតនៅក្នុងគ្រួសារក្រីក្រមួយ មានទីលំនៅជិតព្រំដែន វៀតណាមស្ថិតក្នុងភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ នេនតូចកាលនៅជាគ្រហស័តែងតែ ទៅដើរលេងនៅក្នុងវត្តតានូ ឃើញព្រះសង្ឃគង់នៅក្នុងវត្តសូត្រធម៌ ក៏ចូលទៅស្តាប់ជារៀងរាល់ថ្ងៃ កើតចិត្តចង់រៀនព្រះធម៌ ចង់បួសជាព្រះសង្ឃ រហូតដល់ខែកញ្ញា ឆ្នាំ២០២៣ ក៏សុំញោមប្រុសញោមស្រីមកសាងព្រះភ្នួស។ កាលនោះញោមប្រុសញោមស្រីមិនជំទាស់ទេ បានយល់ព្រមឲ្យកូនចេញទៅបួស ហើយបាននាំកូន ធី មករា ទៅសុំព្រះគ្រូចៅអធិការវត្តតានូ ដើម្បីរៀនសូត្រព្រះធម៌ ព្រះគ្រូចៅអធិការវត្តតានូ ក៏បានឲ្យកូននេននៅវត្ត និងរៀនសូត្រព្រះធម៌រហូតដល់ខែធ្នូ ឆ្នាំ២០២៣ ក៏បានបបួសជាសង្ឃដូចបំណង។

បើតាមសង្ឃដីកាពីនេនតូច ធីមករា បានបញ្ជាក់ថា ដំបូងឡើយព្រះអង្គបានបួសរៀននៅវត្តតានូ បាន៥ខែ ក៏បានស្តាប់វិទ្យុផ្សាយព្រះធម៌ វត្តសន្តិភាព ផ្សាយថា នៅវត្តសន្តិភាព ហៅវត្តខ្លាហើរ ក្រុងស្វាយរៀង បើកទទួលសមណៈសិស្សចូលរៀននៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះអង្គតូច ក៏ថ្វាយបង្គំសុំព្រះគ្រូចៅអធិការវត្តតានូ មករៀនព្រះធម៌នៅវត្តសន្តិភាព ហៅវត្តខ្លាហើរ ព្រះគ្រូចៅអធិការឃើញនេនតូចចង់រៀនសូត្រ ដូច្នេះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ក៏បញ្ជូននេនតូចមក សុំព្រះគ្រូចៅអធិការវត្តសន្តិភាព គង់នៅរៀនសូត្រ ព្រះធម៌ ហើយជាមួយគ្នានោះលោកគ្រូចៅអធិការវត្តសន្តិភាព ក៏បានទទួលឲ្យគង់នៅផងដែរ។

សូមបញ្ជាក់ថា វត្តសន្តិភាព ហៅវត្តខ្លាហើរ បានកសាងឡើងនៅឆ្នាំ១៩៧៣ ក្នុងសម័យសង្គ្រាម ព្រះសង្ឃបាននិមន្តចេញពីវត្តនានាក្នុងខេត្តស្វាយរៀង មកគង់នៅទួលខ្លាហើរ ហើយបានបង្កើតវត្តនេះឡើងហៅវត្តខ្លាហើរ ដោយព្រះគ្រូចៅអធិការព្រះនាម នាងផាន់ (ហើយបានសុគត់នៅក្នុងរបប ប៉ុល ពត)។ ក្រោយថ្ងៃរំដោះ៧មករា១៩៧៩ វត្តខ្លាហើរ មិនទាន់បានកសាងឡើងវិញទេ រហូតដល់ឆ្នាំ១៩៨១ ព្រះគ្រូចៅអធិការ ព្រះនាមសំរិត នាង បានបង្កើតវត្តនេះឡើងវិញដោយដាក់ឈ្មោះថា វត្តសន្តិភាព ហៅវត្តខ្លាហើរ រហូតបច្ចុប្បន្ន។

បើតាមព្រះតេជគុណ ម៉ី រាជ្យ ព្រះគ្រូសូត្រស្តាំ វត្តសន្តិភាពបាន មានសង្ឃដិការថា វត្តសន្តិភាព ហៅវត្តខ្លាហើរ ឆ្លងកាត់ព្រះគ្រូចៅអធិការ៧ព្រះអង្គមកហើយ។ បច្ចុប្បន្ន វត្តសន្តិភាព ហៅវត្តខ្លាហើរ មានព្រះសង្ឃគង់នៅចំនួន៨៥អង្គ ក្នុងនោះព្រះភិក្ខុចំនួន៩អង្គ ព្រះសាមណេ ចំនួន៧៦អង្គ។ ព្រះសង្ឃសាមណេ ទាំង៧៦អង្គ ភាគច្រើននិមន្តមកពីវត្តនានាក្នុងខេត្តព្រៃវែង មកស្នាក់នៅរៀនសូត្រព្រះធម៌ និងចំណេះទូទៅ ដោយវត្តសន្តិភាពមានសាលាបឋមសិក្សា៣ថ្នាក់គឺថ្នាក់ទី១ ស្មើថ្នាក់ទី២ ទី៣ ទី៤ ចំណេះទូទៅ។ ថ្នាក់ទី២ ស្មើថ្នាក់ទី៥ចំណេះទូទៅ និងថ្នាក់ទី៣ ស្មើថ្នាក់ទី៦ ចំណេះទូទៅ។

សូមជម្រាបជូនដល់ប្រជាពុទ្ធបរិសទ័ជិតឆ្ងាយមេត្តាជ្រាប វត្តសន្តិភាព មានព្រះសង្ឃគង់នៅរៀនសូត្រព្រះធម៌៨៤អង្គ ចំពោះចង្ហាន់បិណ្ឌបាត គឺបានមកពីប្រជាពុទ្ធបរិសទ័ចំណុះជើងវត្ត ក្នុងក្រុងស្វាយរៀង រៃអង្គាស និងដាក់វេនគ្នាជួយឧបត្ថម្ភៈ ជាបច្ច័យបួន ដូច្នេះសូមប្រជាពុទ្ធបរិស័ទជិតឆ្ងាយមេត្តាជ្រាប មានសទ្ធាជ្រះថ្លា មកបំពេញបុណ្យសង្ឃទានតាមសទ្ធាតាមការគួរ៕