(ភ្នំពេញ)៖ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង បានសម្ដែងនូវសេចក្តីត្រេកអរឥតឧបមា ជូនចំពោះ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសដ៏វិសេសវិសាលដែល ឯកឧត្តម បណ្ឌិត ទទួលបានគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» សម្រាប់និទាឃរដូវ ឆ្នាំ២០២៤ ផ្តល់ជូនដោយព្រះចៅអធិរាជ ជប៉ុន តាមរយៈគណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលជប៉ុន។

ការទទួលបានគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon» គឺជាការបង្ហាញពីការទទួលស្គាល់ដល់ការចូលរួមចំណែករបស់ ឯកឧត្តមបណ្ឌិត ក្នុងការលើកកម្ពស់ការផ្លាស់ប្ដូរ ការសិក្សា និងការយល់ដឹងពីគ្នាទៅវិញទៅមក រវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត តាមរយៈការទទួលបានគ្រឿងឥស្សរិយយសខាងលើ ខ្ញុំសង្ឃឹមជឿជាក់ថា ឯកឧត្តមបណ្ឌិត នឹងបន្តចូលរួមចំណែកបំពេញភារកិច្ចដ៏ឧត្តុង្គឧត្ដមក្នុងវិស័យអប់រំ ក៏ដូចជាបន្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងកម្ពុជា ជប៉ុន ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ៕