(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាមិនត្រូវការទ័ពបរទេសលើទឹកដីកម្ពុជាទេ ហើយបន្តថា កម្ពុជាបានឆ្លងកាត់សង្គ្រាមរួចហើយ ដូច្នេះកម្ពុជាអត់ត្រូវការសង្គ្រាមទៀតនោះទេ។

សម្តេចធិបតីថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។

នេះមិនមែនជាការថ្លែងលើកទី១ នោះទេ របស់ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីមានការចោទប្រកាន់របស់អ្នកស្រាវជ្រាវវៀតណាម អះអាងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបម្រើផ្នែកយោធាចិន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយសង្កត់ធ្ងន់ថា កម្ពុជាគ្មានច្បាប់អនុញ្ញាត ឱ្យមានវត្តមានកងទ័ពបរទេសលើទឹកដីខ្លួននោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កុំយកស្អីក៏ភ្ជាប់នយោបាយ ភ្ជាប់ជាមួយរឿងកងទ័ព។ ខ្ញុំថា ទេខ្ញុំមេទ័ពដែរ ទោះមិនមែនមេទ័ពជើងទឹក តែដឹងហើយ នាវាចម្បាំងមិនអាចដឹកយន្តហោះចូលបានទេ ជម្រៅ ៥ម៉ែត្រនោះ ទាល់តែដឹងសាឡង់បានចូល។ កម្ពុជា ក៏គ្មានគោលការណ៍ឱ្យយកប្រទេសជាមូលដ្ឋាន ឱ្យប្រទេសណាប្រឆាំងប្រទេសណាទេ។ យើងរស់សេចក្តីសុខ សាមគ្គីទាំងអស់គ្នា ដើម្បីផលប្រយោជន៍ជាតិ យើងចង់បានតែសុខទេ សង្គ្រាមវាចប់យូរណាស់ហើយ»

អត្ថបទស្រាវជ្រាវមួយសរសេរដោយវិទ្យាស្ថានអភិវឌ្ឍន៍ការស្រាវជ្រាវបូព៌ា (Oriental Research Development Institute) ប្រទេសវៀតណាម វាយប្រហារថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតែជាគម្រោងមួយដែលបម្រើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែព្រែកជីកនេះ ក៏មានតម្លៃចម្បងបម្រើឱ្យវិស័យយោធារបស់ចិនផងដែរ។ អ្នកស្រាវជ្រាវវៀតណាម ក៏ចោទប្រកាន់ថា គម្រោងព្រែកជីកនេះ ប៉ះពាល់ដល់បរិស្ថាន ជាពិសេសទន្លេងមេគង្គយ៉ាងធ្ងន់ធ្ងរ។

សម្តេចធិបតី បានអះអាងថា​ គម្រោងសាងសង់ព្រែកជីក​ហ្វូណន-តេជោ ដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច ពោលគឺមិនមែនបម្រើផ្នែកយោធាបរទេសឡើយ។ សម្តេច បានបន្តថា គម្រោងព្រែកជីកហ្វូណន-តេជោ ត្រូវបានសិក្សាដោយក្រុមអ្នកជំនាញជាតិ និងអន្តរជាតិសរុបប្រមាណ ៤០នាក់ ដែលមានបច្ចេកច្បាស់លាស់ មិនឱ្យទឹកទន្លេមេគង្គហូរចូលសមុទ្រនោះឡើយ ហើយក៏បានគោរពតាមច្បាប់អន្តរជាតិស្តីពីទន្លេមេគង្គផងដែរ។

ឆ្លើយតបចំពោះរឿងនេះ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញច្រានចោលទាំងស្រុងទៅនឹងការចោទប្រកាន់នេះដែរ។ សម្តេចបញ្ជាក់ថា ព្រែកជីហ្វូននេះ ធ្វើឡើងដើម្បីផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ហើយគ្មានការចាំបាច់ណាដែលត្រូវការកងទ័ពចិននោះទេ។

សម្តេចបានអំពាវនាវកុំឱ្យមានការមួលបង្កាច់កម្ពុជា ក្នុងគោលបំណងប្រឆាំងចិនតទៅទៀត ដោយលើកឡើងថា៖ «យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។ យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកឯងមើលងាយពួកខ្ញុំ»។

គម្រោងព្រែកជីកហ្វូណន-តេជោ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរ ហើយសម្តេចធិបតី​ ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ដែលបានគាំទ្រ។ សម្តេច បានបន្តថា មិនឃើញមានចលនាគាំទ្រណា ដូចការគាំទ្រគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោនោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណន-តេជោ ត្រូវតែធ្វើឱ្យបាន ហើយរាជរដ្ឋាភិបាលអត់មានគម្រោងកៀរគរលុយប្រជាពលរដ្ឋ ដើម្បីសាងសង់នោះទេ ខណៈគម្រោងនេះជាការវិនិយោគរបស់វិស័យឯកជន កម្ពុជាមិនមានខ្ចីលុយបរទេសនោះទេ៕